ព័ត៌មានជាតិ

សមត្ថកិច្ចឆ្មក់បង្ក្រាបបទល្មើសគ្រឿងញៀនក្នុងក្លឹបកម្សាន្ត ហ្កាឡាក់ស៊ី១៤២ នៅក្រុងសំពៅពូន ខេត្តកណ្តាល ឃាត់ខ្លួន ២៨នាក់ ក្នុងនោះ ៥នាក់បញ្ជូនទៅតុលាការ

(កណ្តាល)៖ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណី ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច ក្លឹបកម្សាន្ត ហ្កាឡាក់ស៊ី១៤២ ភូមិព្រែកស៊ីង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។

ប្រតិបត្តិការនេះ ធ្វើឡើងនៅ១២៖៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ដោយអនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស ២៨នាក់ (ស្រី៥នាក់) ដែលក្នុងនោះអ្នកពាក់ព័ន្ធបទល្មើស ជួញដូរ សម្រួលចំនួន៥នាក់ (ស្រី១នាក់) ត្រូវបានបញ្ជូនទៅតុលាការរួមមាន៖ ឈ្មោះ ងន សឹង ភេទប្រុស ជនជាតិខ្មែរ (មេខ្លោង ម្ចាស់ទីតាំង), ឈ្មោះ ស៊ិន ប៊ុនធឿន ភេទប្រុស ជនជាតិខ្មែរ (សម្រួល), ឈ្មោះ ពេជ្រ ប៉ូស្រ៊ូ  ភេទប្រុស ជនជាតិខ្មែរ (សម្រួល), ឈ្មោះ ម៉ូហាមេត អារិនបីនសាលីឌីន ភេទប្រុស ជនជាតិម៉ាឡេស៊ី (អ្នកជួញដូរ) និងឈ្មោះ ហេង សុខដា ភេទស្រី ជនជាតិខ្មែរ (មេការ)។

ដោយឡែកសម្រាប់អ្នកពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀនរួមមាន៖ ជនជាតិខ្មែរ ៦នាក់ (ស្រី៤នាក់) ត្រូវបញ្ជូនទៅមណ្ឌលព្យាបាល ស្តានីតិសម្បទា និងជនបរទេស ១៧នាក់ ក្នុងនោះជនជាតិម៉ាឡេស៊ី ៣នាក់(ប្រុស), ឥណ្ឌូនេស៊ី ១៤នាក់ (ប្រុស) ត្រូវបណ្តេញចេញពីកម្ពុជា។

ចំណែកវត្ថុតាងចាប់យកបាន រួមមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ៧៩.៧២ក្រាម, អ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៦៣.៣៨ក្រាម និងសារធាតុញៀនប្រភេទ កេតាមីន (Ketamine) ទម្ងន់ ៨.៥២ក្រាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល តាមនីតិវិធី។

សូមជម្រាបថា ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជំរុញឱ្យធ្វើការបោសសម្អាតឧក្រិដ្ឋជនគ្រឿងញៀនឲ្យអស់ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានប្តេជ្ញាចិត្ត និងខិតខំចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម ធ្វើយ៉ាងណាបង្ក្រាបឱ្យដល់ឫសគល់នៃបទល្មើស។

ជាការគត់សម្គាល់កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបាននូវករណីជួញដូរគ្រឿងញៀនជាប្រចាំ ដោយឃាត់ខ្លួនឧក្រិដ្ឋជន បញ្ជូនទៅតុលាការ ដើម្បីអនុវត្តន៍នីតិវិធីផងដែរ៕

អត្ថបទពាក់ព័ន្ធ

Back to top button