
កាលពីវេលាម៉ោង៣ និង ៣០នាទីរសៀល ថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និង លោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ដែលមានទីតាំងស្ថិតនៅត្រង់ចំណុចផ្លូវបេតុងមួយកន្លែង ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង៧នាក់ខាងលើនេះ ដែលម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន ទី១. ឈ្មោះ ពេញ សុភណ្ឌ ភេទប្រុស អាយុ១៦ឆ្នាំ, ទី២. ឈ្មោះ ណុប ដាវីត ភេទប្រុស អាយុ១៥ឆ្នាំ, ទី៣. ឈ្មោះ ផល សម្ភស់ ភេទប្រុស អាយុ១៥ឆ្នាំ, ទី៤. ឈ្មោះ សុខ ធាសុភា ភេទប្រុស អាយុ១៥ឆ្នាំ, ទី៥. ឈ្មោះ ហាក់ ម៉េងឈី ភេទប្រុស អាយុ១៦ឆ្នាំ, ទី៦. ឈ្មោះ សម្បត្តិ សន្យា ភេទប្រុស អាយុ១៥ឆ្នាំ និង ទី៧. ឈ្មោះ អាន ដេវីត ភេទប្រុស អាយុ១៦ឆ្នាំ។
ក្រោយពីកម្លាំងសមត្ថកិច្ចសាកសួរ ជនសង្ស័យទាំង៧នាក់ខាងលើនេះ សុទ្ធស៊ឹងតែមានជាប់ពាក់ពន្ធនឹងអំពើកាប់ប្លន់ក្នុងរាជធានីភ្នំពេញកន្លងមក។ ដោយឡែកជនសង្ស័យម្នាក់នៅក្នុងចំណោមជនសង្ស័យទាំង៧នាក់ខាងលើនេះ មានជនសង្ស័យម្នាក់ គឺបានចូលរួមប្រព្រឹត្តបទល្មើបប្លន់ ដោយប្រើកាំបិតកាប់ទៅលើបុរសជនជាតិកូរ៉េ ឲ្យរងរបួសត្រង់ចំណុចថ្ពាល់ខាងឆ្វេង ដើម្បីយកទ្រព្យសម្បត្តិ កាលពីថ្ងៃសៅរ៍ ១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃសៅរ៍ ទី១០ ខែកុម្ភ: ឆ្នាំ២០២៤ រួមទាំងបក្ខពួកផ្សេងទៀត។
ជនសង្ស័យទាំង៧នាក់ខាងលើនេះ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌប្រគល់ឲ្យអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
សម្រាប់ព័ត៌មានលម្អិតយ៉ាងណាទាក់ទងទៅនឹងករណីខាងលើនេះ មិនទាន់ត្រូវបានដឹងនៅឡើយទេ៕




