ព័ត៌មានជាតិព័ត៌មានអន្តរជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នាព្រឹកថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០២៤ ។

សូមជម្រាបថា តបតាមការអញ្ជើញរបស់ ឯកឧត្តម អេនថូនី អាល់បានីស៊ី នាយករដ្ឋមន្ត្រីអូស្ត្រាលី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីមាតុប្រទេសកម្ពុជាកាលពីល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្ត្រាលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី ដែលប្រព្រឹត្តទៅពីថ្ងៃទី ៤-៦ ខែមីនា ២០២៤ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។

កិច្ចប្រជុំកំពូលពិសេស នឹងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ កំណត់ទិសដៅអនាគតរួម និងធ្វើឱ្យទំនាក់ ទំនងកាន់តែស៊ីជម្រៅ តាមរយៈការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវអាទិភាពសំខាន់ៗ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី។ ថ្នាក់ដឹកនាំ គ្រោងនឹងអនុម័តសេចក្តីថ្លែងការណ៍ ទីក្រុងម៉ែលប៊ន និងសេចក្តីប្រកាសចក្ខុវិស័យ របស់ថ្នាក់ដឹកនាំអាស៊ាន-អូស្ត្រាលី។

សូមបញ្ជាក់ដែរថា ស្របពេលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលខាងលើ សម្តេចធិបតី ក៏បានអញ្ជើញមានជំនួបទ្វេភាគី ជាមួយ ឯកឧត្តម អេនថូនី អាល់បានីស៊ី និងសមភាគីអាស៊ានមួយចំនួន ដើម្បីពង្រឹងបន្ថែមនូវទំនាក់ទំនង ទ្វេភាគីបន្ថែមទៀត ។

ក្រៅពីនេះ សម្ដេចធិបតី ក៏មានជំនួបជាមួយបណ្ដារក្រុមហ៊ុនរបស់អូស្ត្រាលីជាច្រើនផងដែរ ដោយវិនិយោគិននៃក្រុមហ៊ុនទាំងនោះ ក៏បានបង្ហាញពីគម្រោងពង្រីក និងបណ្ដាក់ទុនវិនិយោគថ្មីនៅកម្ពុជា ។

នៅក្នុងជំនួបជាមួយនឹងក្រុមហ៊ុនរបស់អូស្ត្រាលីក្នុងដំណើរបេសកកម្មរបស់សម្ដេចធិបតី សម្ដេចបានស្វាគមន៍រាល់បំណងពង្រីក និងបណ្ដាក់ទុនវិនិយោគថ្មីនៅក្នុងទឹកដីនៃប្រទេសកម្ពុជា ដោយសម្ដេចបានលើកឡើងពីសក្ដានុពលវិនិយោគរបស់កម្ពុជា ដល់បណ្ដាក្រុមហ៊ុនទាំងនោះ ហើយសម្ដេចក៏បានបញ្ជាក់ថា កម្ពុជា បានត្រៀមខ្លួនរួចហើយ ក្នុងការស្វាគមន៍វិនិយោគិនមកពីគ្រប់ទិសទី ៕

អត្ថបទពាក់ព័ន្ធ

Back to top button