ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធរៀបចំបំពេញបន្ថែម ទៅលើពង្រាងច្បាប់កីឡា

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងជំរុញឱ្យក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា ទីស្តីការគណៈរដ្ឋមន្ត្រី និងស្ថាប័នពាកព័ន្ធ ធ្វើបច្ចុប្បន្នភាពកីឡា និងពន្លឿនការធ្វើច្បាប់កីឡា ខណៈច្បាប់កីឡាកំពុងស្ថិតនៅក្នុងការព្រៀងនៅឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធ សមិទ្ធផល មជ្ឈមណ្ឌលជាតិជនពិការតេជោសែន នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា ៖ ពេលវេលា ២៥ឆ្នាំ មុន គឺកីឡាអូឡាំពិកនៅកម្ពុជាមិនទាន់មានភាពសកម្មនៅឡើយ តែបច្ចុប្បន្ន កីឡាអូឡាំពិកបានដើរយ៉ាងសកម្ម ហើយត្រូវដើរឱ្យខ្លាំងទៅមុខទៀត ដើម្បីកែសម្រួល និងបំពេញបន្ថែមនូវបទដ្ឋានគតិយុត្តិចាំបាច់មួយចំនួន។
សម្តេចធិបតី បានបញ្ជាក់ថា ជាការពិតការងារក្នុងវិស័យពិការភាព ពិតជាមានសារៈសំខាន់ និងចាំបាច់ត្រូវមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន សង្គមស៊ីវិល និងសហគមន៍ និងបានលើកទឹកចិត្តដល់ក្រសួងស្ថាប័ន និងអង្គភាពថ្នាក់ក្រោមជាតិទាំងអស់ សូមចូលរួម សហការស្របអភិក្រម ចីរភាពនៃប្រព័ន្ធតួអង្គតែមួយ ដើម្បីអនុវត្តផែនការសកម្មភាពដែលបានដាក់ចេញសំដៅសម្រេច បានគោលដៅដែលបានកំណត់តាមស្មារតីនៃអង្គសន្និបាតរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាកាលពីពេលថ្មីៗនេះ ។
សម្ដេចបន្តថា ការលើកកម្ពស់សិទ្ធិរស់រានមានជីវិត របស់ជនមានពិការភាពគឺជាការចាំបាច់ ដើម្បីធ្វើឲ្យបងប្អូនទាំងនោះ ទទួលបានសិទ្ធិដូចប្រជាជនខ្មែរដទៃទៀតដែលមិនមានពិការភាព រួមមានសិទ្ធិទទួលបានការអប់រំ ការថែទាំសុខភាព សេវាយុត្តិធម៌ និងការចូលរួមក្នុងសកម្មភាព សង្គម សាសនា កីឡាសិល្បៈ នយោបាយដោយពេញលេញនិងស្មើភាពគ្នាដោយ គ្មានការរើសអើង៕

អត្ថបទពាក់ព័ន្ធ

Back to top button