សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំដល់បងប្អូនប្រជាពលរដ្ឋសូមបើកបរដោយគោរពច្បាប់ ។ សម្តេចប្រកាសផ្ដល់រង្វាន់ដល់អភិបាលខេត្ត ដែលអាចរក្សាបានមិនឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍រហូតដល់មានមនុស្សស្លាប់នៅតាមបណ្ដារាជធានីខេត្តទាំងនោះ។ ការប្រកាសនេះក្នុងឱកាសដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសនៃការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធឆ្លងបទុមចេតិយ ក្នុងវត្តមណីរតនារាម ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវគោរពច្បាប់ចរាចរណ៍ បើកបរដោយមានការប្រុងប្រយ័ត្ន ។
សូមរំលឹកថា ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ២០២៣កន្លងទៅបញ្ហាគ្រោះថ្នាក់ចរាចណ៍ នៅតែបន្តជាបញ្ហាចម្បង។ ក្នុងពេលបីថ្ងៃ នៃពិធីចូលឆ្នាំថ្មី មានគ្រោះថ្នាក់ចរាចរណ៍ចំនួន៤៣ករណី ដែលមានអ្នកស្លាប់១៨នាក់ និងរបួសចំនួន៧៧នាក់៕