ព័ត៌មានជាតិព័ត៌មានសេដ្ឋកិច្ច

សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-ជប៉ុនឆ្នាំទី៥០នៅទីក្រុងតូក្យូ

យោងតាមសេក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃព្រហស្បត្តិ៍ ២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងតូក្យូពីថ្ងៃទី១៦-១៨ ខែធ្នូ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម គីស៊ីដា ហ៊្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន។

កិច្ចប្រជុំកំពូលនេះ ផ្តោតសំខាន់ទៅលើការចេញនូវសេចក្តីប្រកាសចក្ខុវិស័យរួមស្តីពីមិត្តភាព និង កិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងផែនការអនុវត្តសេចក្តីប្រកាសចក្ខុវិស័យ ដែលបានបង្កើតឡើងក្រោមមូលបទសំខាន់ៗចំនួនបី រួមមាន (១) ដៃគូចិត្តនិងចិត្តគ្រប់ជំនាន់ (២) ដៃគូសម្រាប់បង្កើតសហសេដ្ឋកិច្ច និងសង្គមនៃអនាគត និង (៣) ដៃគូសម្រាប់សន្តិភាព និង ស្ថេរភាព។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងតូក្យូ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងមានជំនួបអាហារការងារពេលព្រឹកជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃនៃព្រះរាជាណាចក្រថៃ។ ក្រៅពីនេះ សម្តេចធិបតី ក៏នឹងជួបសំណេះសំណាលជាមួយជាមួយនឹងសមាគមខ្មែរ ដែលរស់នៅប្រទេសជប៉ុនផងដែរ៕

អត្ថបទពាក់ព័ន្ធ

Back to top button