ព័ត៌មានអន្តរជាតិ

សហរដ្ឋ​អាមេរិក និង ​ចក្រភព​អង់គ្លេស​បើក​ការ​វាយ​ប្រហារ​ថ្មី​លើ​ក្រុមឧទាមហូទីនៅ​យេម៉ែន​ ចំពេល​មាន​សង្រ្គាម​នៅ​តំបន់ហ្គាហ្សា

រលកថ្មីនៃការវាយប្រហារកើតឡើងនៅពេលដែលក្រុមឧទាមហូទី បន្តកំណត់គោលដៅលើនាវាដែលជាប់ទាក់ទងជាមួយនឹងអ៊ីស្រាអែល ដោយទាមទារឱ្យបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា។

សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស បានធ្វើការវាយប្រហារទៅលើទីតាំង ដែលគ្រប់គ្រងដោយក្រុមឧទាមហូទីនៅក្នុងប្រទេសយេម៉ែនក្នុងរលកថ្មីនៃការវាយប្រហារប្រឆាំងនឹងក្រុមយេម៉ែន ដែលមានសម្ព័ន្ធមិត្តអ៊ីរ៉ង់ ដែលបាននឹងកំពុងផ្តោតលើផលប្រយោជន៍របស់សហរដ្ឋអាមេរិក និង អ៊ីស្រាអែល ដើម្បីគាំទ្រប៉ាឡេស្ទី។ 

បន្ថែមពីលើការវាយប្រហារកាលពីថ្ងៃសៅរ៍ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក ក៏បានវាយប្រហារមីស៊ីលប្រឆាំងនាវារបស់ក្រុមឧទាមហូទី ដែលត្រូវបាន “រៀបចំឡើង ដើម្បីបាញ់ប្រឆាំងនឹងនាវានៅក្នុងសមុទ្រក្រហម” នៅព្រឹកថ្ងៃអាទិត្យ។ ការវាយប្រហាររបស់ ក្រុមឧទាមហូទីលើកប៉ាល់ ដែលជាប់ទាក់ទងជាមួយនឹងអ៊ីស្រាអែលនៅច្រកសមុទ្រតូចចង្អៀត Bab al-Mandeb ក្នុងសមុទ្រក្រហម បានរំខានដល់ពាណិជ្ជកម្មពិភពលោក ដោយធ្វើឲ្យមានការឆ្លើយតបពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកាមក ក្រុមឧទាមហូទី បានបាញ់មីស៊ីលដោយប្រើដ្រូន និងការវាយប្រហារកប៉ាល់រាប់សិបលើកប៉ាល់ពាណិជ្ជកម្ម ដែលមានទំនាក់ទំនងជាមួយនឹងអ៊ីស្រាអែល បន្ថែមពីលើនាវាចម្បាំងយោធារបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសជាមួយនឹងគោលដៅ ដែលបានបញ្ជាក់គឺ ដើម្បីបញ្ឈប់សង្គ្រាមដ៏បំផ្លិចបំផ្លាញរបស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សា។ ពួកក្រុមឧទាមហូទី ក៏បានទាមទារឱ្យអ៊ីស្រាអែល អនុញ្ញាតឱ្យផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា ដែលប្រជាជនជិត ២.៣លាននាក់ កំពុងប្រឈមនឹងភាពអត់ឃ្លានផងដែរ។

រលកនៃការវាយប្រហារថ្មីត្រូវបានធ្វើឡើង បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីថ្ងៃសុក្រ ដែលបានកំណត់គោលដៅក្រុមប្រដាប់អាវុធ ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ ជាការសងសឹកចំពោះការសម្លាប់ទាហានអាមេរិក៣នាក់នៅក្នុងប្រទេសហ្ស៊កដានីកាលពីសប្តាហ៍មុន។ សហរដ្ឋអាមេរិក​បាន​បន្ទោស​ការ​វាយ​ប្រហារ​នៅក្នុងប្រទេសហ្ស៊កដានី​លើ​ក្រុម​តស៊ូ​អ៊ីស្លាម​នៅ​អ៊ីរ៉ាក់ ​ដែល​ជា​ក្រុម​ចម្រុះ​នៃ​ក្រុម​ប្រដាប់​អាវុធ​ ដែលមាន​ទំនាក់ទំនង​ជាមួយនឹ​អ៊ីរ៉ង់។ ទីក្រុងតេហេរ៉ង់បានព្យាយាមគេចឲ្យឆ្ងាយពីការវាយប្រហារដោយដ្រូន។

ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានចាប់ផ្តើមការវាយប្រហារ “សមាមាត្រ” ដោយមាន “ការគាំទ្រ” ពីប្រទេសអូស្ត្រាលី បារ៉ែន កាណាដា ដាណឺម៉ាក ហូឡង់ និងនូវែលសេឡង់។ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង ប្រទេសគាំទ្រដ៏ទៃផ្សេងទៀត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា គោលដៅចំនួន៣៦កន្លែង ត្រូវបានវាយប្រហារ “នៅទូទាំង១៣ទីតាំងនៅប្រហែលជាពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍” ។

ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបាននិយាយថា “ការវាយប្រហារទាំងនេះមានគោលបំណងធ្វើឱ្យសមត្ថភាពរបស់ក្រុមឧទាមហូទីចុះខ្សោយ ដែលត្រូវបានប្រើ​ដើម្បីបន្តការវាយប្រហារដោយមិនប្រុងប្រយ័ត្ន និងខុសច្បាប់របស់ពួកគេលើនាវាអាមេរិក និងចក្រភពអង់គ្លេស ក៏ដូចជាការដឹកជញ្ជូនពាណិជ្ជកម្មអន្តរជាតិនៅសមុទ្រក្រហម Bab al-Mandeb Strait និង ឈូងសមុទ្រ Aden”៕

ប្រភព៖ AL JAZEERA, ថ្ងៃអាទិត្យ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button