ព័ត៌មានជាតិ

ស្គាល់គ្នាតាមហ្វេសប៊ុក ណាត់នាងដើរលេង រួចវាយ និងប្លន់យកទូរស័ព្ទ និង លុយ បានសម្រេច

(ព័ត៌មានបឋម)៖ នៅយប់រំលងអធ្រាត ថ្ងៃអាទិត្យ ១០រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤  បុរស២នាក់ បានធ្វើសកម្មភាព វាយ និង រឹតកនារីម្នាក់ ដែលស្គាល់គ្នាតាមហ្វេសប៊ុក ប្លន់យកទូរស័ព្ទ និង លុយចំនួន៣០ដុល្លារសហរដ្ឋអមេរិកបានសម្រេច នៅក្រោយវត្តព្រែកស្ពឺ ដែលមានទីតាំងស្ថិតនៅ ភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមជនរងគ្រោះបានឲ្យដឹងថា នៅថ្ងៃសៅរ៍ ៩រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រហែលជា ម៉ោង ១០ និង ៣០នាទីយប់ បុរសមានគ្នា២នាក់ ដែលស្គាល់គ្នាតាមហ្វេសប៊ុក បានដឹកនាងពីបន្ទប់ជួលនៅផ្សារព្រែកទារ ដែលមានទីតាំងស្ថិតនៅ ភូមិព្រែកទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ក្នុងគោលបំណងថា ជូននាងទៅដើរលេងនៅកោះពេជ្រ ក៏ប៉ុន្តែបុរសទាំង២នាក់ មិនបានដឹកនាងទៅដើរលេងតាមការសន្សានោះទេ បែរជាដឹកនាងទៅចូលទៅផ្លូវស្ងាត់ រួចធ្វើសកម្មភាពប្លន់នាងតែម្តង ដោយវាយ និង យកខ្សែក្រវ៉ាត់រឹតកនាងរហូតដល់សម្លប់បាត់បង់ស្មារតី។

សម្រាប់ព័ត៌មានលម្អិតយ៉ាងណាទាក់ទងទៅនឹងហេតុការណ៍ខាងលើនេះ មិនទាន់ត្រូវបានដឹងនៅឡើយទេ៕

អត្ថបទពាក់ព័ន្ធ

Back to top button