
កាលពីវេលាម៉ោង ៧:៣០នាទីយប់ ថ្ងៃសៅរ៍ ១៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសៅរ៍ ទី០៩ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតខ្វែវ) មួយកើតឡើង បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ ដែលមានទីតាំងស្ថិតនៅ ភូមិឆករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ក្រោយពេលកើតហេតុ បន្ទាប់ពីបានទទួលបណ្តឹងពីជនរងគ្រោះ កម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដឹកនាំដោយ លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួន១នាក់ ឈ្មោះ មឿន សុខុម ភេទស្រី អាយុ៤៩ឆ្នាំ ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានយកកាំបិតខ្វែវដងឈើ កាប់ទៅលើជនរងគ្រោះ ឈ្មោះ គង់ ស័ក ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅ ភូមិគោក រកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ចំម្រាមដៃនាងខាងស្ដាំ បណ្ដាលឲ្យដាច់ និង ម្រាមដៃកណ្ដាល បណ្ដាលឲ្យរងរបួសចេញឈាម ដេរអស់ចំនួន៥ថ្នេរ។
ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់ លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និង មានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង។
ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានយកជនសង្ស័យខាងលើនេះ មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ។ បន្ទាប់ពីបានសាកសួររួចហើយ ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ប្រើប្រាស់កាំបិតខ្វែវដងឈើ កាប់ទៅលើជនរងគ្រោះ ពិតប្រាកដមែន ដោយសារតែខ្លួនមានទំនាស់ពាក្យសម្តីជាមួយជនរងគ្រោះក្នុងពេលផឹកស៊ី។
បច្ចុប្បន្ន ជនសង្ស័យខាងលើនេះ ត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
