ព័ត៌មានជាតិ

ស្ត្រីម្នាក់ត្រូវបានសម្លាប់ក្នុងអំពើឃាតកម្មនៅ ស្រុកជីក្រែង ខេត្តសៀមរាប

កាលពីថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ ស្ត្រីម្នាក់ត្រូវបានយុវជនម្នាក់ ធ្វើសកម្មភាពកាប់សម្លាប់យ៉ាងឃោឃៅ បណ្ដាលស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធម ដែលមានទីតាំងស្ថិតនៅ ភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។

ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យមើល និង ស្រាវជ្រាវរកចាប់ខ្លួនជនដៃដល់ ដែលបានបង្កហេតុ មកកាត់ទោសតាមច្បាប់។ លុះដល់ថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចក៏បានឃាត់ខ្លួនបានជនដៃដល់ខាងលើបាន។

នៅចំពោះមុខសមត្ថកិច្ចដៃដល់ខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះខាងលើពិតប្រាកដមែន ដោយសារតែជនរងគ្រោះ បានជេរម៉ែរបស់ខ្លួន និង មានទំនាស់ពាក្យសំដីនឹងគ្នា។ 

សមត្ថកិច្ចបានឲ្យដឹងថា  ករណីនេះ គឺជាករណីឃាតកម្ម។ សមត្ថកិច្ចបានបន្ថែមថា ជនសង្ស័យឈ្មោះ សំ ស៊ី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ ហ៊ាវ ហ៊ុច ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅ ភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប នៅចំណុចចំការដាំដំឡូងខាងក្រោយផ្ទះ។ បណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាម ដោយមានស្នាមអារក និង កាប់ចំក្បាលនឹងកាំបិត។

បច្ចុប្បន្ន ជនដៃដល់ខាងលើនេះ ត្រូវបានសមត្ថកិច្ចកសាងសំនុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទពាក់ព័ន្ធ

Back to top button