ព័ត៌មានជាតិ

ស្លាប់ម្នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ

កាលពីយប់ថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាង ម៉ូតូសណ្ដោងរ៉ឺម៉ក ម៉ាកHONDA WAVE 110CC ពណ៌ខៀវ គ្មានស្លាកលេខ ជិះក្នុងទិសដៅពីទិសខាងកើតទៅទិសខាងលិច  បានបុកជាមួយនឹងម៉ូតូម៉ាក HONDA SCOOPY 110CC ពណ៌ស ស៊េរី២០២២ គ្មានស្លាកលេខ បណ្តាលឲ្យបុរសម្នាក់ជិះម៉ូតូ SCOOPY ឈ្មោះឆេង ថេង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិស្យា ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ដែលមានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ១២៨-១២៩ ភូមិក្រឡាញ់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ចំណែកឯម៉ូតូរងការខូចខាតទាំងសងខាង។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ជូនសាច់ញាតិជនរងគ្រោះ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ក្រោយពេលចុះត្រួតពិនិត្យ និង ធ្វើការវាស់វែងរួច។ រីឯម៉ូតូវិញ ត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលវាលពង់នៃអធិការដ្ឋាននគរបាល ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពាក់ព័ន្ធ

Back to top button