ព័ត៌មានជាតិ

ស្លាប់ម្នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅ ស្រុកពួក ខេត្តសៀមរាប

កាលពីថ្ងៃអាទិត្យ ១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បងជីវិត ដែលមានទីតាំងស្ថិតនៅទល់មុខរោងចក្រទឹកកកភ្នំមាស ភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូម៉ាក ហុងដា ផលិតឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1AP-5372 បើកបរដោយឈ្មោះ ហឿង ចាន់ណារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប មិនពាក់មួកសុវត្ថិភាព ក្នុងទិសដៅពីកើតទៅលិច បានបុកជាមួយនឹងរថយន្តដឹកទំនិញធុនធំម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 3A-2874 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីលិច បត់ឆ្វេងទៅខាងជើង។ ក្រោយពេលកើតហេតុ អ្នកបើកបរបានរត់គេចខ្លួនបាត់។

សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឲ្យស្លាប់មនុស្សចំនួន១នាក់ ឈ្មោះ ហឿង ចាន់ណារ៉ា ជាអ្នកបើកបរម៉ូតូ។ ម៉ូតូចំនួន១គ្រឿង រងការខូចខាតយ៉ាងដំណំ និង រថយន្តចំនួន១គ្រឿងបន្តិចបន្តួច។ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបណ្តាលមកពីអ្នកបើកបររថយន្តបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន៕

អត្ថបទពាក់ព័ន្ធ

Back to top button