ព័ត៌មានជាតិ

ស្លាប់ម្នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ

នៅវេលាម៉ោង៦:៣០នាទីព្រឹក ថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តធុនធ្ងន់ និង ម៉ូតូបណ្តាលឲ្យមនុស្សម្នាក់ស្លាប់បាត់បង់ជីវិត និង ម្នាក់ទៀតរងរបួសស្រាល ដែលមានទីតាំងស្ថិតនៅលើ ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣២ និង ១៣៣ ភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តធុនធ្ងន់ធ្វើដំណើរស្របទិសគ្នាជាមួយនឹងម៉ូតូ ពីខេត្តព្រះសីហនុឆ្ពោះទៅកាន់រាជធានីភ្នំពេញ ដល់ត្រង់ចំណុចកើតហេតុ រថយន្តបត់ ហើយគៀរម៉ូតូដួល អ្នករួមដំណើរជិះលើម៉ូតូម្នាក់ត្រូវរយន្តកិនពីលើ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ចំណែកឯអ្នកបើកបរម៉ូតូវិញ រងរបួសស្រាល។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួន ដោយបន្សល់ទុកតែរថយន្តយន្តនៅកន្លែងកើតហេតុ។

ប្រភពដដែលបានឲ្យដឹងបន្ថែមទៀតថា  សាកសពរបស់ជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះរថយន្ត និង ម៉ូតូខាងលើវិញ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា៕

អត្ថបទពាក់ព័ន្ធ

Back to top button