ព័ត៌មានជាតិ

ស្លាប់ម្នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និង រ៉ឺម៉កដឹកផ្លែឈើនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ

កាលពីយប់ថ្ងៃអាទិត្យ ៧រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ និង រ៉ឺម៉កដឹកផ្លែឈើ  បណ្តាលឲ្យបុរសជាសន្តិសុខម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ស៊ីប ស៊ី អាយុ៤៥ឆ្នាំ មុខរបរជាសន្តិសុខ មានស្រុកកំណើតនៅ ស្រុកបូរីជលសារ ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាក ហុងដា ភីស៊ីអ៊ិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JA-3113 ធ្វើដំណើរតាបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ដល់ត្រង់កន្លែងកើតហេតុ មិនបានប្រុងប្រយ័ត្ន ធ្លាក់ជង្ហុក រេចង្កូតម៉ូតូ ទៅបុកពីក្រោយរ៉ឺម៉កដឹកផ្លែឈើពេញទំហឹង ដែលកំពុងចតលក់នៅលើចិញ្ចើមផ្លូវ ធ្វើឲ្យម៉ូតូដួល អូសជនរងគ្រោះទៅមុខ បោកក្បាលនៅនឹងផ្លូវ ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ចំណែកឯអ្នកបើករ៉ឺម៉កដឹកផ្លែឈើ ក៏បានបើករត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ ចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យមើលកន្លែងកើតហេតុ និង ធ្វើកំណត់ហេតុ។ បន្ទាប់មក យកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុក រីឯសាកសពរបស់ជនរងគ្រោះវិញ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទពាក់ព័ន្ធ

Back to top button