ព័ត៌មានជាតិ

ស្លាប់ម្នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍បុកបង្គោលភ្លើងនៅ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក

យុវជនម្នាក់ជិះម៉ូតូម៉ាក ហុងដា ឃ្លីក ក្នុងល្បឿនយ៉ាងលឿន រេចង្កូតម៉ូតូឡើងខឿនចិញ្ចើមផ្លូវ ទៅបុកបោកផ្ទប់ជាមួយនឹងបង្គោលភ្លើងពេញទំហឹង បណ្តាលឱ្យបែកក្បាលស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើល។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣:១០នាទីព្រឹកទៀបភ្លឺ ថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូម៉ាក ហុងដា ឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GM-8604  បើកដោយយុវជនម្នាក់ មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ដោយគ្មានពាក់មួកសុវត្ថិភាព ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន រេចង្កូតម៉ូតូឡើងខឿនចិញ្ចើមផ្លូវ ទៅបុកបោកផ្ទប់ជាមួយនឹងបង្គោលភ្លើងយ៉ាងពេញទំហឹង បណ្តាលឱ្យបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌទួលគោក ចុះធ្វើការវាស់វែង។ ចំណែកឯសាកសពរបស់ជនរងគ្រោះ ត្រូវបានសម្រេចដឹកយកទៅតំកល់ទុកនៅវត្តទឹកថ្លា ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ៕

អត្ថបទពាក់ព័ន្ធ

Back to top button