ព័ត៌មានជាតិ

ស្លាប់ម្នាក់ និង រងរបួសស្រាលចំនួន២នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និង រថយន្តនៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ 

នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០២៤ នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បណ្តាលឲ្យមនុស្សចំនួន១នាក់ស្លាប់ និង ២នាក់ផ្សេងទៀតរងរបួសស្រាល ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តកូរ៉េ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-3960 ចំនួន១គ្រឿង បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយបុរស២នាក់ទៀត ធ្វើដំណើរចេញពីផ្លូវបេតុង ច្រកក្លោងទ្វារវត្តជង្លុងម្លូ ក្នុងទិសដៅពីកើតទៅលិច បត់ឆ្វេង ឆ្លងកាត់តាមបណ្តោយផ្លូវជាតិលេខ៣ ឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែរថយន្តម៉ាក អាល់ហ្វាដ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AS-8858 ចំនួន១គ្រឿង បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ដល់ចំណុចកើតហេតុខាងលើ មិនបង្អង់រថយន្ត ក៏ជ្រុលទៅបុកជាមួយនឹងរថយន្តកូរ៉េចំពីមុខ ចំហៀងទ្វារខាងស្តាំពេញទំហឹង ធ្វើបុរសចំនួន៣នាក់ ដែលជិះនៅក្នុងរថយន្តកូរ៉េ ខ្ទាចចេញ បណ្តាលឲ្យបុរសម្នាក់ឈ្មោះ ម៉ុម សុវណ្ណដា អាយុ៣០ឆ្នាំ ជាមន្រ្ដីយោធាបំរើការនៅអង្គភាព៩១១ រស់នៅសង្កាត់កន្ទោក ខណ្ឌកំបូល ស្លាប់បាត់បង់ជីវិត ពេលបញ្ជូនដល់មន្ទីរពេទ្យ និង ២នាក់ទៀត រងរបួសស្រាល។ ចំណែកឯអ្នកបើករថយន្តម៉ាក អាល់ហ្វាដ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក ចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យមើល វាស់វែង និង ធ្វើកំណត់ហេតុ។ បន្ទាប់មក យករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ចំណែកឯសាកសពរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទពាក់ព័ន្ធ

Back to top button