ព័ត៌មានជាតិ

ស្លាប់ម្នាក់ និង របួសធ្ងន់ម្នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

កាលពីយប់ថ្ងៃសៅរ៍ ៨កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤  រថយន្តកុងទីន័រម៉ាក ហ្វុយហ្សោ ១គ្រឿង បុកជាមួយនឹងម៉ូតូសណ្ដោងរ៉ឺម៉កដឹកកញ្ចក់ម៉ាក ហុងដា វេវ ១គ្រឿង បណ្តាលឲ្យមនុស្សចំនួន១នាក់ ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឯម្នាក់ទៀត រងរបួសធ្ងន់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៧-១៧៨ ភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូសណ្ដោងរ៉ឺម៉កដឹកកញ្ចក់ម៉ាក ហុងដា វេវ ១គ្រឿង ពណ៌ខ្មៅ ធ្វើដំណើរក្នុងទិសដៅពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ បើកបរដោយឈ្មោះ ឡៃ គៀត ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរជាងកាត់កញ្ចក់ និង អ្នករួមដំណើរម្នាក់នៅលើរ៉ឺម៉កម៉ូតូ ឈ្មោះ យិន សំបូរ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកូនជាងកញ្ចក់ អ្នកទាំង២នាក់ មានទីលំនៅ ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងបន្ថែមទៀតថា ម៉ូតូសណ្ដោងរ៉ឺម៉កបានរេចង្កូតទៅខាងឆ្វេងដៃរបស់ខ្លួន ស្របពេលរថយន្តកុងទីន័រម៉ាក ហ្វុយហ្សោ ពណ៌បៃតងចាស់ ១គ្រឿង បើកបរដោយឈ្មោះ ម៉ន ងន់អេង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបើកបររថយន្ដ មានទីលំនៅ ភូមិស្វាយធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត ក្នុងទិសដៅផ្ទុយគ្នា បានបុកជាមួយនឹងម៉ូតូសណ្ដោងរ៉ឺម៉កដឹកកញ្ចក់ចំពីមុខតែម្ដង។

ក្រោយកើតហេតុ សាកសពជនរងគ្រោះខាងលើ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ ចំណែកឯអ្នករបួស ត្រូវបានបញ្ជូនទៅព្យាបាលនៅពេទ្យឯកជន វាលរេញ។ រីឯរថយន្ដ និង ម៉ូតូក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ ដោយឡែកចំពោះអ្នកបើកបររថយន្ដខាងលើវិញ ត្រូវបានសមត្ថកិច្ចនាំមកអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីបន្ដនិតិវិធី៕

អត្ថបទពាក់ព័ន្ធ

Back to top button