កាលពីវេលាម៉ោង ៩:៣០នាទីយប់ ថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្តាលឲ្យនិស្សិតស្រីឆ្នាំទី៤ម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ដែលមានទីតាំងស្ថិតនៅលើ ស្ពានព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តធុនធំ ក្បាលពណ៌ស សពាក់ផ្លាកលេខ ភ្នំពេញ 3E-1407 ចំនួន១គ្រឿង បានខូច កំពុងហៅជាង ដើម្បីឲ្យជួយជួសជុល ហើយបានចតរថយន្តទុកចោលនៅលើស្ពានតាំងពីព្រឹកមកម្លេះ។ ខណៈពេលដែលឡានកំពុងចតចោលនៅលើស្ពាន ក៏ស្រាប់តែស្រាប់តែមាននារីចំនួន២នាក់ ជិះម៉ូតូម៉ាក ហុងដា ប៊ីត ពាក់ផ្លាកលេខ កណ្តាល 1AB-4881 ចំនួន១គ្រឿង តាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះ ឡើងលើស្ពានព្រែកព្នៅ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលចង្កូតម៉ូតទៅបុកពីក្រោយរថយន្តពេញទំហឹង ជង់ចំក្បាលជាមួយនឹងកាងរថយន្តខាងក្រោយ បណ្តាលឲ្យនិស្សិតស្រីឆ្នាំទី៤ម្នាក់ ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ចំណែកឯអ្នករួមដំណើរជាមួយវិញ រងរបួសធ្ងន់ ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះភ្លាមៗ។ រីឯអ្នកបើករថយន្តវិញ បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យ និង វាស់វែង ព្រមទាំងយករថយន្ត និង ម៉ូតូខាងលើ ទៅរក្សាទុក រង់ចាំម្ចាស់រថយន្ត ចូលខ្លួនដោះស្រាយជាមួភាគីជនរងគ្រោះនៅពេលក្រោយ៕