ព័ត៌មានជាតិ

ស្លាប់១នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ រថយន្តកូរ៉ូឡាកែច្នៃបុកជាមួយនឹងម៉ូតូនៅស្រុកអូរជ្រៅ

កាលពីថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៣ទៀបភ្លឺ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដែលបង្កឡើងដោយរថយន្តកូរ៉ូឡាកែច្នៃ ១គ្រឿង បានបុកជាមួយនឹងម៉ូតូ  ១គ្រឿងពេញទំហឹង បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឯម៉ូតូរងការខូចខាតផ្នែកមុខទាំងស្រុង រីឯរថយន្តវិញ រងការខូចខាតផ្នែកមុខ ត្រង់កញ្ចក់ភ្លើងហ្វាខាងឆ្វេង ដែលមានទីតាំងស្ថិតនៅ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥-១៦ តាមបណ្តោយផ្លូវជាតិលេខ២៥៨ ភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ។  

មុនពេលកើតហេតុ ស្ត្រីរងគ្រោះខាងលើនេះ បានបើកបរម៉ូតូក្នុងទិសដៅពីទិសខាងត្បូងទៅទិសខាងជើង ពេលទៅដល់កន្លេងកើតហេតុនោះ ក៏ស្រាប់តែមានរថយន្តម៉ាកកូរូឡាកែច្នៃ ធ្វើទ្រុង ពណ៍ឈាមជ្រូក ពាក់ផ្លាកលេខ  ង.4878 ភព២ ១គ្រឿង  បើកបរក្នុងទិសដៅពីទិសជើងទៅទិសខាងត្បូងក្នុងទិសដៅផ្ទូយគ្នា បានរេចង្កូតទៅបុកស្ត្រីរងគ្រោះខាងលើ ដែលកំពុងតែជិះម៉ូតូ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

នគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើ ឈ្មោះ សែម សុម៉ារ៉ង ភេទស្រី អាយុ៣៤ឆ្នាំ មានលំនៅ ភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ  បើកបរម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៍ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1W.8489  ផលិតឆ្នាំ២០២១។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តម៉ាកកូរូឡាកែច្នៃខាងលើនេះ បានរត់គេចខ្លួនបាត់ស្រមោលសូន្យឈឹង មិនដឹងថាទៅទីណាឡើយ។

បច្ចុប្បន្ននេះ ទាំងរថយន្ត និង ម៉ូតូ ត្រូវបានយកមករក្សាទុកនៅឯប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបីជាន់ ដើម្បីស្រាវជ្រាវរកអ្នកបើករថយន្តមកដោះស្រាយតាមផ្លូវច្បាប់៕

អត្ថបទពាក់ព័ន្ធ

Back to top button