ព័ត៌មានជាតិ

ស្លាប់១នាក់ក្នុងឧប្បត្តិហេតុផ្ទុះកង់ឡានដំរីទឹកនៅក្រុងសិរីសោភ័ណ

បុរសម្នាក់ឈ្មោះ វង់ ភេទប្រុស អាយុជាង៤០ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់សោម ប្រកបកមុខរបររកស៊ីប៉ះកង់ឡាន កំពុងស្នាក់នៅ  សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានកង់ឡានដំរីទឹកដឹកផ្លែឪឡឹកផ្ទុះឡើង បណ្តាលឲ្យខ្ចាតប៉ើងចេញជិត៣០ម៉ែត្រ បែកក្បាលចេញខួរ ស្លាប់បាត់បង់អាយុជីវិតភ្លាមៗយ៉ាងអាណោចអាធមនៅនឹងកន្លែង។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅ ថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានទីតាំងស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៦ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

តាមសាក្សីនៅទល់មុខកន្លែងកើតហេតុ ដែលបានឃើញហេតុការណ៍នោះ បានឲ្យដឹងថា មានរថយន្តដំរីទឹក ពណ៍ខៀវ ចំនួន១គ្រឿង ឈប់ចតនៅនឹងកន្លែងប៉ះកង់រថយន្ត ក្នុងគោលបំណងដើម្បីសប់កង់ក្រោយខាងឆ្វេង។ ស្រាប់តែពេលនោះ ក៏បានឮសំឡេងផ្ទុះឡើងដូចផ្ទុះមីន ខ្ទាតដែកកងវ័នកងចំនួន២ មកដល់កន្លែងលក់ដូររបស់ ចំណែកឯជាងប៉ះកង់ឡាន ដែលត្រូវជាពូរបស់ខ្លួន បែកក្បាលចេញខួរ និង ឈាមពេញខ្លួន ស្លាប់បាត់បង់ជីវិតភ្លាមៗនឹងកន្លែង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាល និង អាជ្ញាធរមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុភ្លាម ដើម្បីត្រួតពិនិត្យកន្លែងកើតហេតុ ចំណែកឯសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទពាក់ព័ន្ធ

Back to top button