ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សំដៅលើចំណេះ ជំនាញ និងអាកប្បកិរិយាដែលជាមូលដ្ឋានក្នុងការគ្រប់ គ្រង និងសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ។ ចំណេះដឹងផ្នែកហិរញ្ញវត្ថុជាបំណិនជីវិតដ៏សំខាន់មួយសម្រាប់ មនុស្សគ្រប់រូប មិនថាចាស់ ក្មេង ប្រុស ស្រី អ្នករស់នៅទីក្រុង ឬជនបទនោះទេ។
ការយល់ដឹងពីចំណេះដឹងហិរញ្ញវត្ថុតែងតែនៅជាប់ជាមួយនឹងការអនុវត្ត និងការរស់នៅប្រចាំថ្ងៃដែល នឹងជួយដល់បុគ្គលម្នាក់ៗ ក្នុងការការបង្កើនការយល់ដឹងអំពីការរគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់លុយប្រកបដោយប្រសិទ្ធិភាព។ ក្រៅពីនេះ ការយល់ដឹង ការស្គាល់អំពីប្រភេទនៃ គ្រឹះស្ថានហិញ្ញវត្ថុផ្លូវការ និងយល់ដឹងអំពីល្បិចនៃការឆបោកប្រាក់នានា ក៏នឹងជួយឱ្យប្រជាពលរដ្ឋ អាចទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការ សុវត្ថិភាព ព្រមជាមួយនឹងការការពារផ្នែកច្បាប់ផងដែរ។
យ៉ាងណាមិញ បើយោងតាមសៀវភៅកម្រងមេរៀនស្ដីពី ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍បានឱ្យនិយមន័យថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សំដៅលើការរួមបញ្ចូលគ្នានៃការយល់ដឹងអំពី ចំណេះដឹង ជំនាញ អាកប្បកិរិយា និងឥរិយាបថដែលចាំបាច់សម្រាប់ជាមូលដ្ឋានក្នុងការសម្រេចចិត្តផ្នែកហិរញ្ញ វត្ថុឱ្យបានត្រឹមត្រូវ និងសមស្របចំពោះមុខ និងអនាគត។
ចំណេះដឹងផ្នែកហិរញ្ញវត្ថុ មិនមែនគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះទេ តែជាបំណិតជីវិតមួយ ដែលជួយឱ្យបុគ្គលម្នាក់ៗសម្រេចគោលដៅហិរញ្ញវត្ថុសម្រាប់ខ្លួនឯង គ្រួសារ ក៏ដូចជាអាជីវកម្ម ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាព។
ជាមួយគ្នានេះ ការយល់ដឹងអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុផ្ដល់នូវសារៈសំខាន់ជាច្រើនដូចជា៖ ជួយឱ្យបុគ្គលមានការគ្រប់គ្រងលុយកាក់បានល្អប្រសើរជាងមុន ជួយឱ្យបុគ្គលមានការសម្រេចចិត្ត ផ្នែកហិរញ្ញវត្ថុបានត្រឹមត្រូវ ជួយឱ្យមានការប្រុងប្រយ័ត្នចំពោះការឆបោកប្រាក់ និងការប្រើប្រាស់ សេវាហិញ្ញវត្ថុក្រៅផ្លូវការ ព្រមទាំងអាចជួយឱ្យបុគ្គលមានប្រាក់បម្រុងគ្រប់គ្រាន់សម្រាប់តម្រូវការហិរញ្ញវត្ថុនៅពេលអនាគតផងដែរ៕