ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន១ខ្នង ខណៈពេលដែលម្ចាស់ផ្ទះមិននៅ

មានអគ្គិភ័យមួយបានកើតឡើង បណ្តា​ល​ឲ្យផ្ទះរបស់ប្រជាពលរដ្ឋចំនួន១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង ខណៈពេលដែលម្ចាស់ផ្ទះជាប់រវល់ទៅហូបបាយនៅផ្ទះរបស់កូនគាត់។

ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីយប់ថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ ដែលមានទីតាំងស្ថិតនៅ ភូមិគោកក្តួច ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានេជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ឈ្មោះ ស៊ិន ហឿន ភេទស្រី អាយុ៥៦ឆ្នាំ ជាស្ត្រីមេម៉ាយ ដែលត្រូវជាម្ចាស់ផ្ទះខាងលើនេះ ជាប់រវល់ទៅហូបបាយនៅផ្ទះរបស់កូនគាត់ ខណៈពេលនោះក៏ស្រាប់តែមានអគ្គិភ័យបានឆាបឆេះផ្ទះរបស់គាត់ឡើង បង្កការភ្ញាក់ផ្ញើលដល់ល់អ្នកជិតខាង។ នៅពេលអគ្គិភ័យកំពុងតែឆេះ អ្នកជិតខាងបាននាំគ្នាយកទឹកជួយជះពន្លត់ដែរ ក៏ប៉ុន្តែអគ្គិភ័យមិនរលត់ឡើយ រហូតដល់មានរថយន្តពន្លត់អគ្គីភ័យ នៃអធិការដ្ឋាននគរបាលស្រុកមង្គលបុរីចំនួន១គ្រឿង និង កម្លាំងនគរបាល កងរាជអាវុធហត្ថស្រុក រួមសហការជាមួយប្រជាពលរដ្ឋបាញ់ពន្លត់អគ្គិភ័យ ប៉ុន្តែអគ្គិភ័យបានឆាបឆេះផ្ទះ ព្រមទាំងទ្រព្យសម្បត្តិអស់ទាំងស្រុង។

គ្រោះថ្នាក់អគ្គិភ័យខាងលើនេះ អាចបង្កឡើងដោយភ្លើងចង្ក្រានដាំបាយនៅពេលដែលម្ចាស់ផ្ទះមិននៅ បណ្តាលឲ្យផ្ទះឈើប្រក់ស័ង្កសីទំហំ ៦ម៉ែត្រ x ៤ម៉ែត្រ ព្រមទាំងទ្រព្យសម្បត្តិទាំងអស់ ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង ប្រើប្រាស់រថយន្តពន្លត់ងគ្គីភ័យអស់១ឡាន និង កម្លាំងជាង១០នាក់៕

អត្ថបទពាក់ព័ន្ធ

Back to top button