ព័ត៌មានជាតិ

អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងរាបដល់ដី នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ អគ្គិសភ័យ បានឆាបឆេះផ្ទះមួយខ្នង នៅភូមិមហាលាភ ឃុំរលាំងចក ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ នៅវេលាម៉ោង ២:១០នាទី ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្រោយកើតហេតុ សមត្ថកិច្ចបានចេញអន្តរាគមន៍ បាញ់ពន្លត់ភ្លាមៗ។ 

យោងតាមការឱ្យដឹងពីអាជ្ញាធរឃុំរលាំងចក ថា ផ្ទះដែលបានឆាបឆេះនេះសង់ឡើងអំពីឈើលើ សសរបេតុង ប្រក់ក្បឿង ជញ្ជាំងក្ដារ ទំហំ៦គុណនឹង៨ម៉ែត្រ ដែលមានម្ចាស់ ឈ្មោះ ឈុន វណ្ណា ភេទប្រុស អាយុ ៤៣ឆ្នាំនិង ប្រពន្ធ ឈ្មោះ ឌៀប សាម៉េត អាយុ៤២ឆ្នាំ មានកូន៤នាក់(ស្រី២នាក់)។ ករណីនេះ ម្ចាស់ផ្ទះមិនបានយកទ្រព្យសម្បត្តិចេញទាន់ទេ ព្រោះតែស្ថានភាពនៃការឆាបឆេះមានទ្រង់ទ្រាយធំ និងលឿនរហ័ស។ 

សមត្ថកិច្ចជំនាញនៃក្រុមពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយស្ថានភាពមេឃក្តៅខ្លាំងហួតហែង ហើយផ្ទះស្ថិតនៅទីវាល អំណោយផលដល់ការឆេះ ទោះជាសមត្ថកិច្ចប្រឹងប្រែងបាញ់ពន្លត់ ប៉ុន្តែមិនអាចសង្គ្រោះផ្ទះនោះបានទេ ធ្វើឱ្យផ្ទះត្រូវឆេះរាបដល់ដី សមត្ថកិច្ចគ្រាន់តែអន្តរាគមន៍មិនឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងប៉ុណ្ណោះ។ 

សមត្ថកិច្ចបានសន្និដ្ឋានបឋមថា ករណីអគ្គិភ័យនេះ អាចនឹងផ្តើមចេញពីការឆ្លងចរន្តអគ្គិសនីបង្កការទុស្សេបណ្តាលឱ្យមានអណ្តាតភ្លើងឆាបឆេះនៅចំណុចគប់ភ្លើង ដែលស្ថិតនៅក្នុងផ្ទះផ្នែកខាងលើ ហើយភ្លើងឆេះខ្លាំងទើបម្ចាស់ផ្ទះដឹង។ 

ទន្ទឹមនឹងកើតមានអគ្គិសភ័យនេះ សមត្ថកិច្ចជំនាញបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ មុនពេលចាកចេញពីផ្ទះត្រូវបិទកុងតាក់ចរន្តអគ្គិសនី ហ្គាស និងវត្ថុចម្លងផ្សេងៗឱ្យរួចស្រេចសិន ចៀសវាងកើតមានគ្រោះអគ្គិភ័យ៕ 

អត្ថបទ៖ប៊ុត សារុន lv

អត្ថបទពាក់ព័ន្ធ

Back to top button