ព័ត៌មានជាតិ

អនុញ្ញាតឱ្យយុវជន២ក្រុមមានគ្នាចំនួន៨នាក់វិលត្រឡប់ទៅលំនៅដ្ឋានវិញ ក្រោយពេលធ្វើកិច្ចសន្យានៅចំពោះមុខសមត្ថកិច្ច 

កាលពីវេលាម៉ោងប្រហែល ២ និង ៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ សមត្ថកិច្ចបានឃាត់ខ្លួនយុវជន២ក្រុមមានគ្នាចំនួន៨នាក់ ដែលពាក់ព័ន្ធនឹងករណីជិះម៉ូតូតាមផ្លូវ ប៉ះដៃចង្កូតគ្នា បណ្ដាលឱ្យដួលម៉ូតូ ហើយភាគីម្ខាងស្រែកចោទប្រកាន់ភាគីម្ខាងទៀតថា ចោរៗ ដែលមានទីតាំងស្ថិតនៅត្រង់ចំណុចស្ថានីយ៏ចាក់ប្រេងសាំងភីធីធី ផ្ទះលេខ២៦៧ ផ្លូវលេខ១៨២ ក្រុមទី២១ ភូមិ៨ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនយុវជន២ក្រុមមានគ្នាចំនួន៨នាក់។ ក្រុមទី១ មានគ្នាចំនួន៤នាក់៖ ទី១. ឈ្មោះ សាន្ត ពិសិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ, ទី២. ឈ្មោះ វឹក ធារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ, ទី៣. ឈ្មោះ រី សាណៃ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ និង ទី៤. ឈ្មោះ ធី នី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតុខ្មែរ រួមជាមួយនឹងខ្សែក្រវ៉ាត់ពណ៍សមួយ និង ម៉ូតូម៉ាកហុងដាឌ្រីម ចំនួន៣គ្រឿង ជារបស់យុវជនខាងលើ។ ចំណែកឯក្រុមទី២វិញ មានគ្នាចំនួន៤នាក់ដូចគ្នា៖ ទី១. ឈ្មោះ វន ប៊ុនថន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ, ទី២. ឈ្មោះ ភួង ដេ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ, ទី៣. ឈ្មោះ តុន ទីន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ និង ទី៤. ឈ្មោះ សត់ សូវ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រួមជាមួយនឹងម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០១៩ ពណ៍ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1N-7963 ចំនួន១គ្រឿង ជារបស់ក្មេងទំនើង។

ក្រោយពេលឃាត់ខ្លួន នៅចំពោះមុខសមត្ថកិច្ច យុវជនខាងលើ បានសារភាពថា ករណីនេះមិនមែនជាករណីប្លន់ម៉ូតូនោះទេ គឺជាករណីគ្រោះថ្នាក់ចរាចរណ៍ យល់ច្រឡំថាចោរប្លន់ម៉ូតូ ហើយក៏បានសារភាពពីកំហុសឆ្គង និង បានធ្វើការសុំអភ័យគ្នាទៅវិញទៅមក រួចសុំបញ្ចប់រឿង យល់ព្រមជួសជុលម៉ូតូ ដែលរងការខូចខាតដោយគ្រោះថ្នាក់ចរាចរណ៍ឲ្យគ្នា និង ធ្វើកិច្ចសន្យានៅចំពោះមុខសមត្ថកិច្ច មិនឲ្យមានករណីនេះនៅលើកក្រោយទៀតទេ។

យុវជនខាងលើ ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ក្រោយពេលធ្វើកិច្ចសន្យានៅចំពោះមុខសមត្ថកិច្ច មិនឲ្យមានករណីនេះនៅលើកក្រោយទៀតទេ៕

អត្ថបទពាក់ព័ន្ធ

Back to top button