ព័ត៌មានជាតិ

អាជីវកម្មកាយយកថ្មភ្នំលិបលដូចចោរគាស់ក្រោល

ខេត្តព្រៃវែង ៖ ការដ្ឋានយកថ្មភ្នំមួយកន្លែង ដែលស្ថិតនៅចំណុចថ្មបាញ់ ក្នុងភូមិស្វាយ៣០ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង មាន គ្រឿងចក្រជាច្រើនគ្រឿងកំពុងធ្វើសកម្មភាពកាយយកថ្មភ្នំជារៀងរាល់ថ្ងៃ ប៉ុន្តែរូបភាពហាក់លួចលាក់បាត់ឃើញៗ ធ្វើឱ្យអ្នកស្រុកសង្ស័យថា ការដ្ឋាននេះ លួចធ្វើដោយគ្មានអាជ្ញាប័ណ្ណ ឬនិយាយថាខុសច្បាប់ ដូចចោរលួចគាស់ក្រោលទាំងថ្ងៃ ។

ការដ្ឋានយកថ្មភ្នំមួយនេះ ត្រូវបានមន្ត្រីជំនាញរ៉ែ និងថាមពលខេត្តព្រៃវែងបញ្ជាក់ប្រាប់ថា គឺជាកម្មសិទ្ធិរបស់លោកស្រី គ្រុឌ កូឡា ហើយការកាយយកថ្មនេះ គេមានច្បាប់អនុញ្ញាតពីខេត្ត គឺជាអាជ្ញាបណ្ណសិប្បកម្ម ប៉ុន្តែនៅពេលសួរថា តើសិប្បកម្មនោះផុតសុពលភាពហើយឬនៅ ? មន្ត្រីជំនាញខេត្តមិនបានធ្វើការបកស្រាយនោះទេ សង្ស័យបើកភ្នែកម្ខាងធ្មេចម្ខាងទេដឹងលោកប្រធាន ?

អាជ្ញាធរនៅមូលដ្ឋានក្នុងស្រុកបាភ្នំ បានលើកឡើងហាក់ដូចជាងឿងឆ្ងល់ថា ការដ្ឋានដែលមានអាជ្ញាបណ្ណត្រឹមសិប្បកម្ម គឺគេយកថ្មភ្នំដោយប្រើកម្លាំងមនុស្សមិនអនុញ្ញាតឱ្យប្រើគ្រឿងចក្រ និងមិនឱ្យមានដាក់ជញ្ជីងថ្លឹងអ្វីនោះទេ ប៉ុន្តែជាក់ស្ដែងការដ្ឋានលោកស្រី គ្រុឌ កូឡា មិនមានប្រើកម្លាំងមនុស្សទេ គឺគេប្រើគ្រឿងចក្រទាំងអស់ ហើយមានដាក់ជញ្ជីងថ្លឹង ដូចក្រុមហ៊ុនអ៊ីចឹង ។ ហេតុអ្វីមន្ត្រីជំនាញខេត្តព្រៃវែង ក៏ដូចជាមន្ត្រីជំនាញក្រសួង ចុះមកពិនិត្យហើយមើលម៉េចមិនឃើញ ?

ដោយឡែកប្រជាពលរដ្ឋដែលរស់នៅក្បែរការដ្ឋាននេះបានបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ ការដ្ឋានយកថ្មភ្នំរបស់លោកស្រី គ្រុឌ កូឡា ហាក់មានភាពចម្លែកគួរឱ្យសង្ស័យណាស់ ព្រឹកឡើងគេចូលកាយថ្មដឹកចេញត្រឹមបួនប្រាំរថយន្តប៉ុណ្ណោះ ពេលមានមនុស្សឆ្លងកាត់ច្រើនគេក៏ផ្អាកសកម្មភាពវិញ គឺលិបល ។ ដល់ពេលរសៀល ឬពេលល្ងាចដែលស្ងាត់មនុស្ស ពួកគេក៏បន្តដឹកជញ្ជូនថ្មភ្នំចេញទៀត ។ ពិសេសនៅពេលមានមន្ត្រី ឬអ្នកកាសែតឆ្លងកាត់ ក្រុមអ្នកយកថ្មភ្នំទាំងនោះ ក៏ចូលពួនសម្ងំបាត់អស់ មិនធ្វើសកម្មភាពទេ ហាក់ដូចជាចោររត់ពួនប៉ូលិសអ៊ីចឹងដែរ ។

ជុំវិញរឿងរ៉ាវដ៏គួរឱ្យសង្ស័យនេះ ទាំងប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរនៅថ្នាក់មូលដ្ឋានឆ្ងល់គ្រប់គ្នា ប៉ុន្តែមិនដឹងទៅសួរព្រះឥន្ទណាទេ បើម្នាក់ៗធំម្លឹងៗ ធ្វើអីនៅមូលដ្ឋានស្រេចតែក្បាលវ៉ាល់យ៉ាងនេះ ៕

អត្ថបទពាក់ព័ន្ធ

Back to top button