ព័ត៌មានសេដ្ឋកិច្ច

អាជ្ញាធរខេត្ត៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចុះបញ្ជីលើគម្រោងវិនិយោគចំនួនពីរបន្ថែមទៀត នៅខេត្តព្រះសីហនុ ដែលមានតម្លៃទុនសរុបជាង ៥០០លានដុល្លារ

ព្រះសីហនុ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីម្សិលមិញនេះ បានសម្រេចចុះបញ្ជីជាផ្លូវការលើគម្រោងវិនិយោគចំនួនពីរនៅខេត្តព្រះសីហនុ ដែលមានតម្លៃទុនវិនិយោគសរុបជាង ៥០០លានដុល្លារអាម៉េរិក ហើយវាក៏អាចចាត់ទុកថាជាគម្រោងវិនិយោគដ៏ធំមួយនៅកម្ពុជា សម្រាប់ដើមឆ្នាំ ២០២៤នេះ។ នេះបើតាមការអះអាងរបស់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ។ 

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឲ្យដឹងថា គម្រោងវិនិយោគទាំងពីរនេះ ក្នុងនោះគម្រោងទី១ មានទីតាំងស្ថិតនៅក្នុងក្រុងព្រះសីហនុ ដែលវិនិយោគលើការសាងសង់សណ្ឋាគារលំដាប់ផ្កាយ ៥ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានជាង ២.៧០០បន្ទប់ ក្នុងតម្លៃទុនវិនិយោគជាង ៥០០លានដុល្លារអាម៉េរិក។ ចំណែកគម្រោងទី២ គម្រោងកសិ-ឧស្សា ហកម្ម វិនិយោគបង្កើតរោងចក្រកែច្នៃ ផ្លែស្វាយ ខ្នុរ និងទុរេន ដែលមានទុនវិនិយោគជាង ១៧លានដុល្លារអាម៉េរិក ដោយក្រុមហ៊ុននឹងប្រមូលទិញកសិផលក្នុងស្រុកទាំងស្រុង។ 

លោកបានបញ្ជាក់ថា ការបណ្តាក់ទុននេះពិតជាមានទំហំធំ រួមទាំងមានការបង្កើតនូវមជ្ឈ មណ្ឌលពាណិជ្ជកម្មផងដែរ ដូច្នេះវានឹងធ្វើឲ្យមានចរន្តសេដ្ឋកិច្ចកាន់តែផុសផុលនៅក្នុងខេត្ត និងសេដ្ឋកិច្ចកម្ពុជា ហើយវាក៏ចូលរួមចំណែកលើកកម្ពស់មុខមាត់ខេត្ត ទំនុកចិត្ត និងទាក់ទាញទេសចរកាន់តែច្រើន។ ម្យ៉ាងទៀត គម្រោងវិនិយោគនេះ ក៏ជាការវិនិយោគរបស់ក្រុមហ៊ុនដែលកំពុងបណ្តាក់ទុននៅខេត្តព្រះសីហនុស្រាប់ផងដែរ បន្ទាប់ពីគេមើលឃើញសក្តានុពលខេត្តព្រះសីហនុ ទើបក្រុមហ៊ុនពង្រីកការវិនិយោគបន្ថែមទៀត ជាពិសេសស្របពេលមានការអំពាវនាវ ក៏ដូចជាការដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ឆ្នាំ ២០២៤ ដែលសម្តេចធិបតី នាយករដ្ឋមន្ត្រី បានប្រកាសកាលពីចុងខែមករា កន្លងទៅនេះ។ 

លោកអភិបាលរងខេត្ត បានបន្តថា ចំពោះគម្រោងទី២ គឺគម្រោងវិនិយោគផ្នែកកសិ-ឧស្សាហកម្ម បង្កើតរោងចក្រកែច្នៃផ្លែឈើសម្រុះ ហើយគម្រោងនេះ គឺស្របទៅនឹងផែនការមេអភិវឌ្ឍន៍ខេត្តទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងផងដែរ ព្រោះវាមានទីតាំងស្ថិតនៅក្នុងស្រុកកំពង់សិលា ដែលអ្នកជំនាញកំពុងរៀបចំទុកជាកន្លែងអភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្មនេះ។ 

លោក ឡុង ឌីម៉ង់ បានបន្ថែមទៀតថា នេះហើយជាការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិដោយការបង្កើតរោចក្រកែច្នៃ ដើម្បីបង្កើនតម្លៃបន្ថែមទៀត។ នេះហើយជាភាពចំណេញ និងជាភាព វិជ្ជមានរបស់សេដ្ឋកិច្ចជាតិ។ ទោះជាយ៉ាងណាគម្រោងទាំងពីរដែលយើងទើបតែទទួលបានការអនុញ្ញាតការចុះបញ្ជីនេះ ពិតណាស់ពួកគេក៏ត្រូវតែអនុវត្តទៅតាមបទដ្ឋានគតិយុត្តផ្សេងៗ របស់ស្ថាប័នពាក់ព័ន្ធ សហការជាមួយអាជ្ញាធរខេត្តនៅមូលដ្ឋាន ដើម្បីអនុវត្តគម្រោងដោយរលូន។ 

កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤»។ 

«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» គឺជាគំនិតផ្តួចផ្តើមរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគសំដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដឹកមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ស្ថានភាពសេដ្ឋកិច្ចពិភពលោក និងតំបន់កំពុងតែបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤នេះ ក្នុងគោលបំណងជំរុញសកម្មភាពការវិនិយោគ ក៏ដូចជាការដោះស្រាយបញ្ហានានា ដែលកំពុងប្រឈម និងកំពុងជាប់គាំង ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាខេត្តឈានមុខ ក្នុងការបង្កើនកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរ។ 

សូមជម្រាបថា ក្នុងខែមករា ឆ្នាំ ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីក ផលិតកម្មចំនួន ៣២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ១៨៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ២៩ពាន់កន្លែង៕

អត្ថបទពាក់ព័ន្ធ

Back to top button