ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល​បន្ត​ការ​វាយ​ប្រហារ​យ៉ាង​សាហាវ​នៅ​តំបន់​ហ្កាហ្សា បើ​ទោះ​ជា​ថ្ងៃបុណ្យ​រ៉ាម៉ាដានចាប់​ផ្ដើម​​ក៏​ដោយ

កងកម្លាំងអ៊ីស្រាអែល បានបន្តការវាយប្រហារដ៏សាហាវរបស់ពួកគេនៅក្នុងតំបន់ ហ្គាហ្សា ស្ទ្រីប កាលពីថ្ងៃចន្ទ បើទោះបីជាខែដ៏ពិសិដ្ឋរបស់មូស្លីមនៃថ្ងៃបុណ្យរ៉ាម៉ាដានចាប់​ផ្ដើម​​យ៉ាងណាក៏ដោយ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីអូ ហ្គូតេរ៉េស បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់មួយ។ លោកបាននិយាយថា “ទោះបីជាថ្ងៃបុណ្យរ៉ាម៉ាដានបានចាប់ផ្តើមក៏ដោយ ក៏ការសម្លាប់ ការទម្លាក់គ្រាប់បែក និង ការបង្ហូរឈាមនៅតែបន្តនៅក្នុងតំបន់ហ្គាហ្សា។ លោកក៏បាននិយាយផងដែរថា “វាជាពេលវេលាសម្រាប់សន្តិភាព” ដោយអំពាវនាវឱ្យមេដឹកនាំនយោបាយ សាសនា និង សហគមន៍ “ធ្វើអ្វីគ្រប់បែបយ៉ាងនៅក្នុងអំណាចរបស់ពួកគេ ដើម្បីធ្វើឲ្យរយៈពេលដ៏ពិសិដ្ឋនេះ ជាពេលវេលាសម្រាប់ការយល់ចិត្ត សកម្មភាព និង សន្តិភាព” ។

ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនបាននិយាយថា ជនស៊ីវិលរាប់សិបនាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃចន្ទ នៅពេលដែលប៉ាឡេស្ទីនបានចាប់ផ្តើមតមអាហារជាច្រើនម៉ោងក្នុងពេលថ្ងៃ។

វីដេអូដែលថតដោយក្រុមកាមេរ៉ារបស់រ៉យទ័រនៅក្នុងទីក្រុង Rafah ភាគខាងត្បូងនៃតំបន់ហ្គាហ្សា បង្ហាញពីបុរសម្នាក់ ដែលបានភៀសខ្លួនចេញពីតំបន់ហ្គាហ្សា ភាគខាងជើង។ លោកបាន​និយាយ​ថា លោកមិន​ដែល​ចំណាយ​ពេល​ថ្ងៃបុណ្យ​រ៉ាម៉ាដាន​ដោយ​អស់សង្ឃឹម​នោះទេ ប៉ុន្តែ​ឥឡូវ​នេះ គាត់​គ្មានចំណី​អាហារ​ហូប​នោះទេ បន្ទាប់​ពី​តម​អាហារ​ពេល​ថ្ងៃ ហើយ​ក៏​គ្មាន​លុយ​ទិញចំណី​អាហារ​ហូប​ដែរ។

មានការរីកចម្រើនតិចតួចក្នុងការចរចាសម្រាប់បទឈប់បាញ់ និង កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងរវាងអ៊ីស្រាអែល និង ក្រុមហាម៉ាស។

ប្រព័ន្ធផ្សព្វផ្សាយលីបង់បានរាយការណ៍កាលពីថ្ងៃចន្ទថា សមាជិកជាន់ខ្ពស់ក្រុមហាម៉ាស់ បានត្អូញត្អែរអំពីប្រទេសកាតា អេហ្ស៊ីប និង សហរដ្ឋអាមេរិក ដែលកំពុងសម្រុះសម្រួលកិច្ចចរចានោះ។

សមាជិកក្រុមហាម៉ាស់ តាមសេចក្តីរាយការណ៍ បាននិយាយថា អ្នកសម្រុះសម្រួលទាំងនោះ មិននៅខាងក្រុមហាម៉ាសនោះទេ ប៉ុន្តែកំពុងបង្ហាញការយោគយល់ចំពោះការទាមទាររបស់អ៊ីស្រាអែលទៅវិញ។ ក្រុមហាម៉ាស់កំពុងអំពាវនាវឲ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ បានប្រាប់ទូរទស្សន៍ Fox News កាលពីថ្ងៃចន្ទថា អ៊ីស្រាអែលបានបំផ្លាញកងវរសេនាតូចប្រយុទ្ធរបស់ក្រុមហាម៉ាសចំនួនបីភាគបួន។ លោក​បាន​បន្ថែម​ថា អ៊ីស្រាអ៊ែល​គឺ​ជិត​នឹង​ការ​ទទួល​ជ័យ​ជម្នះហើយ។

ប្រភព៖ NHK, ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button