ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែលលុបចោលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីសហរដ្ឋអាមេរិកមិនវេតូលើដំណោះស្រាយបទឈប់បាញ់

រដ្ឋាភិបាលអ៊ីស្រាអែលបានលុបចោលការធ្វើដំណើរ ដែលបានគ្រោងទុកទៅកាន់ទីក្រុងវ៉ាស៊ីនតោនដោយមន្ត្រីកំពូល បន្ទាប់ពីសហរដ្ឋអាមេរិកបានបដិសេធវេតូលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្គាហ្សា។

ការបោះឆ្នោតលើដំណោះស្រាយ ដែលទាមទារឲ្យមានបទឈប់បាញ់ក្នុងអំឡុងខែដ៏វិសុទ្ធរបស់មូស្លីមនៃបុណ្យរ៉ាម៉ាដាន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃចន្ទ។

នៅថ្ងៃដដែលនោះ អ៊ីស្រាអែលបាននិយាយថា ខ្លួនបានធ្វើប្រតិបត្តិការយោធានៅមន្ទីរពេទ្យ Al-Shifa នៅភាគខាងជើង ទំបន់ហ្គាហ្សា និង Al-Amal នៅភាគខាងត្បូង។ អាជ្ញាធរសុខាភិបាលក្នុងតំបន់បាននិយាយថា មនុស្សចំនួន១០៧នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលនាំឲ្យចំនួនសរុបនៃអ្នកស្លាប់កើនឡើងដល់ចំនួន៣២,៣៣៣នាក់។

សហរដ្ឋ​អាមេរិក​បាន​បោះឆ្នោតអនុបវាទ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ប៉ុន្តែ​សមាជិក​ក្រុមប្រឹក្សា​ចំនួន១៤រូប​ទៀត​ បាន​អនុម័ត​សំណើ​នេះ។

ខុទ្ទការល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គួរឱ្យសោកស្ដាយ សហរដ្ឋអាមេរិកមិនបានវេតូដំណោះស្រាយថ្មី ដែលអំពាវនាវឲ្យមានបទឈប់បាញ់ ដែលមិនទាក់ទងនឹងការដោះលែងចំណាប់ខ្មាំង” ។ សេចក្តីថ្លែងការណ៍បាននិយាយថា ជាការឆ្លើយតប នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ បានលុបចោលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអ៊ីស្រាអែលទៅកាន់សហរដ្ឋអាមេរិក។

នៅក្នុងអំឡុងពេលកិច្ចពិភាក្សា ដែលបានគ្រោងទុកនៅទីក្រុងវ៉ាស៊ីនតោន មន្ត្រីអ៊ីស្រាអែល និង សមភាគីសហរដ្ឋរបស់ពួកគេ ត្រូវបានកំណត់ ដើម្បីពិភាក្សាអំពីផែនការគាំទ្រដោយ លោក ណេតាន់យ៉ាហ៊ូ សម្រាប់ប្រតិបត្តិការជើងគោកនៅក្នុងទីក្រុង Rafah ភាគខាងត្បូង នៃតំបន់ហ្គាហ្សា។

ដោយ​មានការព្រួយបារម្ភ​អំពី​សុវត្ថិភាពរបស់​ប្រជាជនចំនួន​ប្រមាណ១,៥លាន​នាក់ នៅ​ក្នុង​ទីក្រុងនោះ សហរដ្ឋអាមេរិក​មាន​បំណង​ស្នើជា​ជម្រើស​មួយ​ចំពោះ​ការ​វាយប្រហារតាមជើងគោក​អ៊ីស្រាអែល ​ដែល​បាន​គ្រោងទុក៕

ប្រភព៖ NHK, ថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button