ព័ត៌មានជាតិ

អ្នកប្រវត្តិសាស្ត្រខ្មែរ! បង្ហាញទិដ្ឋភាពនាំឱ្យកើតមានរដ្ឋប្រហារ ១៨ មីនា ១៩៧០

(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែមីនា កាលពី៥៤ឆ្នាំមុន គឺជាថ្ងៃដែលអ្នកនយោបាយមួយក្រុមរួមមានព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ សេនាប្រមុខ លន់ នល់ លោក អ៉ិន តាំ និងលោក ចេង ហេង…បានរួមគ្នាប្រព្រឹត្តទង្វើក្បត់ដោយធ្វើរដ្ឋប្រហារទម្លាក់ សម្តេច នរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋសង្គមរាស្ត្រនិយម។ ផ្តើមចេញពីការធ្វើរដ្ឋប្រហារខុសច្បាប់នោះហើយ នាំឱ្យកម្ពុជាជួបនូវមហាសោកនាដកម្មយ៉ាងខ្លោចផ្សារបំផុត ព្រោះតែភ្លើងសង្គ្រាម។
លោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ ដែលជាអ្នកប្រវត្តិសាស្ត្ររបស់កម្ពុជា បានគូសរំលេចថា មានកត្តាចំនួនពីរដែលនាំឱ្យកើតមានរដ្ឋប្រហារនេះឡើង។ កត្តាទាំងពីរនោះ រួមមានកត្តាពីខាងក្រៅ និងកត្តាផ្ទៃក្នុងរបស់កម្ពុជា។
បើតាមលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ កត្តាខាងក្រៅនាពេលនោះ គឺជាបរិបទនៃសង្គ្រាមត្រជាក់ ដែលមានការប្រជែងឥទ្ធិពលគ្នាយ៉ាងខ្លាំងរវាងកុម្មុយនីស្តដឹកមុខដោយសហភាពសូវៀត និងខាងសេរីដឹកមុខដោយសហរដ្ឋអាមេរិក។ ការប្រកួតគ្នារវាងមនោគមវិជ្ជាកុម្មុយនីស្ត និងសេរីនៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសក្នុងសង្គ្រាមនៅវៀតណាម បានព្យាយាមអូសទាញសម្តេច នរោត្តម សីហនុ ឱ្យចូលទៅក្នុងល្បែងប្រជែងអានុភាពរបស់ពួកគេ ខណៈដែលសម្តេចព្រះបិតាជាតិ ព្យាយាមរក្សាអព្យាក្រឹត្យដោយមិនយកកម្ពុជាទៅចូលក្នុងប្លុកណាមួយនោះឡើយ។
ប្រវត្តិវិទូរបស់កម្ពុជាលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ បានគូសរំលេចទៀតថា បើទោះបីសម្តេច នរោត្តម សីហនុ ព្យាយាមប្រកាសពីភាពអព្យាក្រឹត្យរបស់កម្ពុជាយ៉ាងណាក្តី តែសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានព្យាយាមដាក់គំនៀបបង្កការលំបាកយ៉ាងខ្លាំងលើរបបដឹកនាំរបស់សម្តេច នរោត្តម សីហនុ រហូតធ្វើឱ្យមានវិបត្តិធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច។
លោក រស់ ចន្ទ្រាបុត្រ បានរំលឹកយ៉ាងដូច្នេះ «អ្វីដែលធ្វើឱ្យកម្ពុជាយើងពិបាកខ្លាំង គឺបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ នៅពេលហ្នឹងដើម្បីរុញច្រាន ដើម្បីបង្ខិតបង្ខំកម្ពុជាឱ្យចូលក្នុងបក្សពួកសេអាតូ ឬបក្សពួកអាមេរិកហ្នឹង យើងឃើញថា ប្រទេសជិតខាងរបស់យើងរួមមានថៃ វៀតណាម ជាពិសេសសហរដ្ឋអាមេរិក បានដាក់គំនៀបលើព្រះករុណា នរោត្តម សីហនុ ជាពិសេសលើគ្រប់បញ្ហាទាំងនយោបាយ សេដ្ឋកិច្ច យោធា។ ដូច្នេះយើងឃើញថា បញ្ហាទាំងអស់នេះ ធ្វើឱ្យយើងលំបាកក្នុងការធ្វើសេដ្ឋកិច្ច ធ្វើពាណិជ្ជកម្ម និងជីវភាពរបស់ប្រជាពលរដ្ឋ។ អ្វីដែលជាការផលិតរបស់យើង គឺយើងមិនអាចនាំចេញឱ្យបានតាមគោលបំណង តាមទស្សនៈ និងគំនិតរបស់យើងដែរ»។
សម្រាប់កត្តាខាងក្នុងវិញ លោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ បានរំលឹកថា ក្នុងសម័យសង្គមរាស្ត្រនិយមរបស់សម្តេច នរោត្តម សីហនុ មានខ្មែរជាច្រើនក្រុមធ្វើចលនាប្រឆាំងនឹងការដឹកនាំនោះ មានដូចជាចលនាខ្មែរក្រហម ចលនាវៀតមិញ ចលនាខ្មែរសិរីជាដើម។ ចលនាទាំងអស់ ធ្វើរបបសង្គមរាស្ត្រមានការផ្ទុះអាវុធ កើតចលាចលពុំមានសន្តិសុខ និងជួបអស្ថិរភាព។
លោកបណ្ឌិតសភាចារ្យ បានចាត់ការធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ពីសំណាក់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ សេនាប្រមុខ លន់ នល់ អ៉ិន តាំ និង ចេង ហេង ព្រោះតែការស្រេកឃ្លានអំណាច និងការស្រេកឃ្លានដុល្លាររបស់អ្នកនយោបាយមួយក្រុមនេះ ភ្លេចគិតពីផលលំបាករបស់ជាតិ និងប្រជាជន។ បើតាមលោក រស់ ចន្ទ្រាបុត្រ របបសាធារណៈរដ្ឋខ្មែររបស់សេនាប្រមុខ លន់ នល់ គឺជារបបមួយដែលពុករលួយខ្លាំងបំផុត។
ក្នុងថ្ងៃនៃប្រវត្តិដ៏ជូរចត់របស់កម្ពុជា លោកបណ្ឌិតសភាចារ្យ បានក្រើនរំលឹកដល់មនុស្សខ្មែរនាពេលបច្ចុប្បន្នឱ្យចេះតាមដានការវិវឌ្ឍស្ថានការណ៍នានានៅក្នុងតំបន់ និងពិភពលោករបស់ក្រុមប្រទេសមហាអំណាច។ បន្ថែមពីលើនោះត្រូវចេះថ្លឹងថ្លែង និងពិចារណា មិនត្រូវធ្វើអ្វីតាមតែការញាក់ តាមតែការញុះញង់របស់អ្នកនយោបាយនោះឡើយ។
ជាមួយនឹងការរំលឹកដល់ថ្ងៃនាំឱ្យកម្ពុជាកើតភ្លើងសង្គ្រាម កើតកលិយុគនោះ លោកបណ្ឌិតសភាចារ្យ ក៏បានលើកឡើងពីស្នាដៃ និងគុណសម្បត្តិរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានចេញបេសកកម្ម និងទស្សនៈវិជ្ជានយោបាយឈានទៅពន្លត់សង្គ្រាម នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជាតិយ៉ាងខ្លាំងក្លា។
ប្រវត្តិវិទូខ្មែរដែលឆ្លងកាត់ដំណើរកម្ពុជាជាច្រើនរបបរូបនេះ បានអំពាវនាវប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវជនឱ្យរួមគ្នាជ្រោងទស្សនៈនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីធានារក្សាឱ្យបាននូវសុខសន្តិភាព ហើយឈានឆ្ពោះទៅរកការអភិវឌ្ឍកាន់តែរីកចម្រើន៕

អត្ថបទពាក់ព័ន្ធ

Back to top button