ព័ត៌មានជាតិ

ឯកឧត្តម សុខ សូកេន អនុញ្ញាតឲ្យ ឯកឧត្តម បួរកែវ ភូមវង់សៃ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ចូលជួបសម្តែងការគួរសម

នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឲ្យ ឯកឧត្តម បួរកែវ ភូមវង់សៃ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម ដើម្បីពិភាក្សាអំពីកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការពង្រឹងទេសចរណ៍រវាងប្រទេសទាំងពីរប្រកបដោយនិរន្តរភាព និង ភាពធន់ ដើម្បីជំរុញលំហូរទេសចរទៅវិញទៅមកឲ្យកាន់តែប្រសើរឡើង និង ការពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងកម្រិតអនុតំបន់តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងវិស័យទេសចរណ៍។

ក្នុងឱកាសនៃជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី និង ឯកឧត្តម ឯកអគ្គរដ្ឋទូត បានពិភាក្សាគ្នាបន្ថែមក្នុងការជំរុញមន្រ្តីជំនាញនៃប្រទេសទាំងបី (កម្ពុជា ឡាវ និង វៀតណាម) ពិភាក្សារៀបចំផែនការសកម្មភាពរួមស្តីពីទេសចរណ៍ “ប្រទេសទាំងបី គោលដៅតែមួយ” និង ពិនិត្យលទ្ធភាពរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីត្រីភាគីកម្ពុជា-ឡាវ-វៀតណាម ក្នុងអំឡុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤ ដែលនឹងរៀបចំឡើងនៅរដ្ឋធានីវៀងចន្ទន៍ នៃប្រទេសឡាវ ក្នុខែមករា ឆ្នាំ២០២៤ នេះ៕

អត្ថបទពាក់ព័ន្ធ

Back to top button