ព័ត៌មានសេដ្ឋកិច្ច

៦ខែ ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ៩០០លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទី

ក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៤នេះ កម្ពុជាបានផលិតគ្រាប់ស្វាយចន្ទីឆៅជាង ៨១ តោន ក្នុងនោះ​នាំចេញទៅវៀតណាមបានសរុបជាង ៧ សែន ៤ ម៉ឺនតោ (៧៤៤ ៣០០) ស្មើទឹក​ប្រាក់ ៩៥៦ លានដុល្លា កើនឡើង ២៩%។​ នេះបើតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា។

បើតាមលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា តម្លៃគ្រាប់ស្វាយចន្ទី​ជាមធ្យម​គឺ គ្រាប់ស្ងួតមានតម្លៃ ១ ៧៣០ ដុល្លារក្នុង១ តោន។ ចំណែកឯកត្តាដែលនាំឱ្យការនាំ​ចេញស្វាយចន្ទីកើន គឺមួយផ្នែកបានមកពីការអំពាវនាវរបស់សមាគម ទៅកាន់សមាជិក​សមាគម​ស្វាយចន្ទី​កម្ពុជាទូទាំងប្រទេស ឱ្យហាលគ្រាប់ទុកក្នុងពេលដែលតម្លៃធ្លាក់ចុះកាលពីពេលកន្លងទៅ។

ជាមួយគ្នានេះ ប្រធានសមាគមរូបនេះក៏បានគូសបញ្ជាក់ផងដែរថា មូលហេតុគ្រាប់ស្វាយចន្ទីឆៅមាន លំហូរនាំចេញទៅកាន់ប្រទេសជិតខាងច្រើន គឺដោយសារតែ សហគ្រាសក្នុងស្រុកខ្វះ​លទ្ធភាពទុន​បង្វិល​ទិញគ្រាប់ស្វាយ​ចន្ទីទុកសម្រាប់កែច្នៃ។

ទោះបីជាយ៉ាងនេះក្ដី លោកនៅតែអំពាវនាវស្វែងរកប្រភពទុនសម្រាប់សហគ្រាសក្នុងស្រុក ដើម្បីជំរុញលទ្ធភាពកែច្នៃក្នុងស្រុក សំដៅបន្ថែមតម្លៃ ក៏ដូចជាពង្រីកទីផ្សារផងដែរ។

គួររំលឹកថា នៅឆ្នាំ ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារ​អន្តជាតិចំនួន ៦៥ ​៦០០០​តោន ថយចុះ ៧.៦% គិតជាទឹកប្រាក់ចំនួន ៨៣៧ លានដុល្លារ បើប្រៀបធៀបឆ្នាំ ២០២២។ នេះបើតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា៕

អត្ថបទពាក់ព័ន្ធ

Back to top button