ជាមួយនឹងចំនួនប្រជាជនវ័យក្មេង ប្រទេសកម្ពុជាកំពុងឈានទៅកាន់តំណែងជា ប្រទេសដែលមាន ប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ជាមួយនឹងធនធាន និងតម្រូវការរថយន្តអគ្គិសនីត្រូវបាន ព្យាករណ៍ថានឹងកើនឡើង ដែលជាឱកាសទីផ្សារដ៏សំខាន់សម្រាប់អ្នកផលិតរថយន្តអគ្គិសនី EV ដូចជាប្រទេសចិន។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសនៃវេទិកាសហប្រតិបត្តិការររដ្ឋាភិបាលក្នុងតំបន់ និងទីក្រុងមិត្តភាព RCEP ឆ្នាំ ២០២៤។
ក្នុងឱកាសដដែលនោះ លោកបណ្ឌិតបានគូសបញ្ជាក់អំពីការប្ដេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតច្បាប់ដែលសម្រួលដល់លំហូរប្រជាពលរដ្ឋ ចំណេះដឹង ហិរញ្ញវត្ថុ និងធនធានរវាងជាប្រទេសសមាជិក RECP តាមរយៈការទទួលយកទស្សនវិស័យចម្រុះនៅក្នុងតំបន់ និងការផ្លាស់ប្តូរដែលអាចធានាបាន នូវការអភិវឌ្ឍន៍រួមគ្នា និងពន្លឿនការវិនិយោគ វឌ្ឍនភាព និងការអប់រំ។
បន្ថែមពីនោះទៅទៀត ប្រទេសកម្ពុជាក៏មានទីតាំងភូមិសាស្ត្រស្ថិតនៅកណ្តាលនៃតំបន់អាស៊ាន ដែលជាតំបន់មួយក្នុងចំណោមតំបន់ដែលមានថាមពលខ្លាំងបំផុតរបស់ពិភពលោក មានគុណសម្បត្តិខាងភូមិសាស្ត្រសម្បូរបែបដែលអាចឱ្យប្រទេសនេះដើរតួជាមជ្ឈមណ្ឌលដ៏ល្អប្រសើរមួយសម្រាប់ការប្រមូលផ្តុំ ការផលិត និងជំហានសំខាន់ៗផ្សេងទៀតតាមខ្សែសង្វាក់តម្លៃផងដែរ។
ក្រៅពីលើភាពបត់បែននេះ គោលនយោបាយថ្មីៗរបស់កម្ពុជា ក៏មានគោលបំណងលើកទឹកចិត្តដល់ការវិនិយោគតាមរយៈការលើកលែងពន្ធ និងការឧបត្ថម្ភធនស្រដៀងគ្នាផ្សេងទៀត ការបង្កើនប្រាក់ចំណេញ និងសក្តានុពលនៃការវិនិយោគផ្ទាលពីបរទេស (FDI) ផងដែរ។
យោងតាមរបាយការណ៍បច្ចុប្បន្នភាពនៃការរួមចំណែករបស់ជាតិ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹត្យកាបូននៅកម្ពុជាឆ្នាំ២០៥០ និងនិន្នាការនៃការប្រើប្រាស់យានយន្តអគ្គិសនីរបស់ពិភពលោក និងក្នុងតំបន់ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងវិធានការចាំបាច់នានា ដើម្បីឈានទៅសម្រេចបាននូវការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអត្រា ៤០% និងទោចក្រយានយន្ត (ម៉ូតូ) អគ្គិសនីក្នុងអត្រា ៧០% នៅឆ្នាំ២០៥០។
ហើយបើតាមការឱ្យដឹងពីមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ យានយន្តអគ្គិសនី ដែលបានចុះបញ្ជីនៅកម្ពុជាមានប្រមាណ ១១៦២គ្រឿង ក្នុងនោះរថយន្តមានចំនួន ៥៧៣គ្រឿង ម៉ូតូកង់បីមានចំនួន ៣៨៧គ្រឿង និងម៉ូតូមានចំនួន ២០២គ្រឿង។
បើប្រៀបធៀបរវាងការចុះបញ្ជីយានយន្តអគ្គិសនីក្នុងឆ្នាំ២០២២ និងឆ្នាំ២០២១ គឺមានកំណើនគួរឱ្យកត់សម្គាល់ដោយក្នុងឆ្នាំ២០២២ យានយន្តអគ្គិសនីដែលបានចុះមានចំនួន ៦៦២គ្រឿង និងឆ្នាំ២០២១ មានចំនួន ៦៣គ្រឿង ពោលគឺមានកំណើនប្រមាណ ៩៥១%។
រីឯប្រភេទរថយន្តអគ្គិសនី ដែលបានចុះបញ្ជី មានដូចជា BYD, TESLA, BMW, LETIN, HONGQI, WULING, LEVDEO, JAC, E-GREEN និង JAGUAR៕