ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា-កូរ៉េ ជួបពិភាក្សារកលទ្ធភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេស ខណៈកូរ៉េសម្លឹងឃើញឱកាសទីផ្សារកម្ពុជាសម្រាប់ឧស្សាហកម្មយានយន្ដរបស់ខ្លួន

កាលពីខែឧសភាកន្លងទៅ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានអញ្ជើញទៅធ្វើទស្សនៈកិច្ចនៅប្រទេស​

កូរ៉េខាងត្បូង។ ក្រោយដំណើរទស្សនៈកិច្ចនោះ កម្ពុជាបានបង្កើតសមទ្ធិផលជាច្រើនដល់វិស័យ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងនោះក៏មានផងដែរនូវការលើកសំណើរក្នុងការបង្កើតតំបន់សេដ្ឋកិច្ច​ពិសេសកូរ៉េ នៅកម្ពុជា។

ដោយឡែក កាលពីថ្ងៃទី ២០ ខែមិថុនា កន្លងទៅថ្មីៗនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលជួបជាមួយឯកឧត្តម Park Jung-Wook ឯកអគ្គ​រដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារ និង​ពិនិត្យលទ្ធភាព​ក្នុងការបង្កើត​តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ ស្របតាម​គំនិតផ្តួចផ្តើម​រវាងប្រមុខថ្នាក់​ដឹកនាំ​នៃប្រទេសទាំងពីរ។ 

នាកិច្ចប្រជុំដដែល ភាគីកម្ពុជាបានផ្ដល់ជូននូវព័ត៌មានអំពីសក្ដានុ​ពល​សម្រាប់ការវិនិយោគ​បង្កើត​តំបន់សេដ្ឋកិច្ចពិសេស ទៅដល់ស្ថានទូតកូរ៉េ​ប្រចាំ​កម្ពុជា ក្នុងគោលបំណងរួមគ្នាផ្សព្វផ្សាយ​ពី ការលើកទឹក​ចិត្តរបស់រដ្ឋាភិបាលកម្ពុជា ចំពោះ​គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ។

ភាគីកម្ពុជាក៏បានស្នើសុំឱ្យកូរ៉េសហការក្នុងការស្វែងរក វិនិយោគិន​មានសក្ដានុពលពីប្រទេសកូរ៉េ ដែលមានបំណងដាក់ទុនវិនិយោគលើការរៀបចំបង្កើត តំបន់សេដ្ឋ​កិច្ច​ពិសេសកម្ពុជា-កូរ៉េ។ 

យ៉ាងណាមិញ លោក ​ហាន់ ដុកស៊ូ នាយករដ្ឋមន្ត្រីសាធារណរដ្ឋកូរ៉េ ក៏ធ្លាប់បានលើកឡើងផងដែរថា កម្ពុជា គឺជាទិសដៅនៃការវិនិយោគ និងជាទីផ្សារដ៏មានសក្ដានុពលសម្រាប់វិស័យឧស្សាហកម្មកូរ៉េ ជាពិសេសឧស្សាហកម្មយានយន្ត។ 

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា កូរ៉េខាងត្បូង ជាប្រទេសដែលគេស្គាល់ថាមានភាពល្បីល្បាញលើឧស្សហកម្មអេឡិចត្រូនិច និងឧស្សាហកម្មយានយន្ដ។ ដូច្នេះ ប្រសិនបើវិនិយោគិនកូរ៉េ សម្រេចដាក់ទីតាំងវិនិយោគនៅកម្ពុជា ពិតមែននោះ វានឹងចូលរួមច្រើនដល់សេដ្ឋកិច្ចប្រទេសកម្ពុជាទាំងមូល។

បច្ចុប្បន្នកូរ៉េខាងត្បូងជាដៃគូពាណិជ្ជកម្មធំលំដាប់ទី១៣របស់កម្ពុជា។ ក្នុងរយៈពេល៤​ខែមកនេះ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៤ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេ​ច​បានក្នុងទំហំប្រមាណ២៥០លានដុល្លារ កើន៧,៤ភាគរយ ធៀបនឹងរយៈពេល​ដូចគ្នាកាល​ឆ្នាំ២០២៣។ ក្នុងនោះ ការចេញរបស់កម្ពុជា​មាន៩៨ដុល្លារ និងនាំចូលមាន១៥៨លានដុល្លារ។

គួរបញ្ជាក់ថា សព្វថ្ងៃនេះកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស (ត.ស.ព.) កំពុងដំណើរការចំនួន ២៤ទីតាំង ស្ថិតនៅ៩រាជធានី-ខេត្ត។ ក្នុងនោះ នៅរាជធានីភ្នំពេញមានតំបន់សេដ្ឋកិច្ចចំនួន២, ខេត្តកណ្តាលមាន២, កំពង់ស្ពឺមាន១, ព្រះសីហនុមាន៤, កំពតមាន១, កោះកុងមាន១, ក្រចេះមាន១, ស្វាយរៀងមាន៩កន្លែង និងខេត្តបន្ទាយមានជ័យ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៣កន្លែង។​ 

តំបន់សេដ្ឋកិច្ចពិសេស គឺជាតំបន់ដែលមានទីតាំងយុទ្ធសាស្ត្រត្រៀមរួចជាស្រេច សម្រាប់អាជីវកម្ម និងការវិនិយោគ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទិន្នផលនាំចេញនៃតំបន់សេដ្ឋកិច្ចពិសេសបានកើនឡើងយ៉ាងខ្លាំង៕

អត្ថបទពាក់ព័ន្ធ

Back to top button