ព័ត៌មានជាតិ

កម្ពុជា-ជប៉ុន ពង្រីកចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការបន្ថែមទៀត

នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ នាយឧត្តមសេនីយ៍ YOSHIDA Yoshihide អគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។

នាយឧត្តមសេនីយ៍ YOSHIDA Yoshihide បានបង្ហាញនូវឆន្ទៈប្រឹងប្រែងក្នុងការរឹតបន្តឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា និងកងកម្លាំងស្វ័យការពារជប៉ុន ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត។

សម្តេចធិបតីបានជំរុញទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ រហូតឈានទៅដល់ការចុះឯកសារលក្ខខណ្ឌស្តីកិច្ចសហប្រតិបត្តិការ (TOR) ក្នុងគោលបំណងដើម្បីពង្រឹងចំណងមិត្តភាពឱ្យកាន់តែរឹងមាំ និងមានកម្រិតខ្ពស់ឡើង ជាពិសេសជំរុញសកម្មភាពកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យមានលក្ខណៈសកម្ម និងរស់រវើក ប្រកបដោយអនាគតវែងឆ្ងាយ ។

មុនពេលជំនួបត្រូវបានបញ្ចប់ សម្តេចធិបតី និងឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានបេ្តជ្ញាបន្តពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាអាទិ៍ កិច្ចសហប្រតិបត្តិការលើការបោសសម្អាតមីន ការធ្វើលំហាត់រួមគ្នា ក្នុងជួយសង្រ្គោះពេលមានគ្រោះមហន្តរាយ ការបណ្តុះបណ្តាលធនធានមនុស្ស និងកម្មវិធីទស្សនកិច្ចសិក្សារបស់សិក្ខាកាមយោធិនកម្ពុជា នៅប្រទេសជប៉ុន ជាដើម។

អត្ថបទពាក់ព័ន្ធ

Back to top button