ព័ត៌មានជាតិ

ករណីឆេះប្រព័ន្ធហ្គេសកំដៅមាន់ បង្កជាអគ្គិភ័យឆាបឆេះកសិដ្ឋានចិញ្ចឹមមាន់ប្រជាពលរដ្ឋ ០៣ខ្នង នៅស្រុកបាណន់

បាត់ដំបង៖ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០៤:០០នាទីទៀបភ្លឺ នៅចំណុចក្រុមទី១៤ ភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីអគ្គិភ័យឆាបឆេះរោង (កសិដ្ឋានចិញ្ចឹមមាន់ប្រជាពលរដ្ឋ) ចំនួន ០៣ខ្នង (ឆេះទាំងស្រុង) ទំហំ ៦០ម៉ែត្រ​ x​ ០៨ម៉ែត្រ សង់អំពីឈើ ប្រក់ស​ង្ក័​សី និងឆេះរោងឡានប្រក់សង្ក័សីចំនួន ០១ខ្នង ១៥ម៉ែត្រ​ x​ ១២ម៉ែត្រ របស់ម្ចាស់ផ្ទះឈ្មោះ ឌិប ផាឌីន ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។ សម្ភារខូចខាតរួមមាន៖
-ឆេះរោងកសិដ្ឋានចិញ្ចឹមមាន់ ចំនួន ០២ខ្នង ។
-ឆេះរោងឡានចំនួន ០១ខ្នង ។
-ឆេះរថយន្តចំនួន ០២គ្រឿង ម៉ាកCamery បាឡែន ០១គ្រឿង និងរថយន្ដHyundai ២,៥តោន ០១គ្រឿង ។
-ឆេះម៉ូតូចំនួន ០៤គ្រឿង: ម៉ាកសង់កូរ៉េ០១គ្រឿង ឌ្រីម ០២គ្រឿង និងរុឺម៉ក០១គ្រឿង ។
-ឆេះកង់ចំនួន ០៣គ្រឿង ។
-ងាប់មាន់ពីរោងអស់ចំនួន ១២.០០០ក្បាល  ។
  សរុបគិតជាទឹកប្រាក់អស់ចំនួន២០០.០០០ដុល្លា (ម្ភៃមុឺនដុល្លា) ។

សមត្ថកិច្ចជំ​នាញ បានឲ្យដឹងថា៖ ក្នុងករណីអគ្គិភ័យនេះ អាចបណ្ដាលមកពីឆេះប្រព័ន្ធហ្គេសកំដៅមាន់ ទើបបណ្តាលឲ្យមានអគ្គិភ័យឆា​បឆេះ។ ​ករណី​នេះ​ កម្លាំង​នគរបាល​ស្រុក​បាណន់ បាន​ដឹកនាំ​កម្លាំង​ចុះ​ពន្លត់​អគ្គិភ័យ​នេះ ​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អ​គិ្គ​ភ័យ ​ស្នងការចំនួន០២គ្រឿង, រថយន្តស្រុកសង្កែ ០១គ្រឿង និងរថយន្តស្រុកបាណន់ ០១គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន ១៥ឡាន ទើប​គ្រប់គ្រង​ស្ថានការណ៍​អគ្គិ​ភ័យ​នេះ​បាន​ទាំងស្រុង​៕

អត្ថបទពាក់ព័ន្ធ

Back to top button