ព័ត៌មានសេដ្ឋកិច្ច

ការចងក្រងសហគមន៍កសិកម្មទំនើប ជាគោលនយោបាយក្នុងការបង្កើនផលិតភាពទិន្នផល

សហគមន៍កសិកម្មទំនើបគឺជាគោលនយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាលដែលបង្កើតឡើង ដើម្បីជំរុញ​ផលិតភាពនៃផលិតផលកសិកម្ម និងការប្រកួតប្រជែងទីផ្សារ តាមរយៈការ​ប្រែក្លាយ ការធ្វើកសិកម្មលក្ខណៈគ្រួសារ ទៅជាការធ្វើកសិកម្មលក្ខណៈឧស្សាហកម្ម ទៅការចងក្រងគ្នាជា សហគមន៍ធំ មានសេដ្ឋកិច្ច មានប្រាក់ខែដើម្បីកាត់បន្ថយថ្លៃដើមផលិត ព្រមទាំងការការពារហានិ ភ័យទីផ្សារ ដោះស្រាយបញ្ហាកង្វះបច្ចេកទេស ដើមទុន និងការប្រែប្រួលអាកាសធាតុជាដើម។

ទាក់ទិននឹងចំណុចនេះ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្មបានឱ្យដឹងថា គោលនយោបាយ​ថ្មីនេះ នឹងជួយកាត់បន្ថយថ្លៃដើមផលិត បង្កើនស្តង់ដារគុណភាពផលដំណាំ ជាពិសេសគឺធានាស្ថេរ​ភាព​ទីផ្សារ។ 

ហើយចំណុចពិសេសមួយនៃសហគមន៍កសិកម្មទំនើបនេះគឺ ការស្វែងរកការផ្សារភ្ជាប់ទៅ កាន់ទីផ្សារ​មុននឹងធ្វើផលិតកម្ម ដាច់ខាតយើងមិនផលិតហើយ ទើបដើររកទីផ្សារទេ។ នេះបើតាមការបញ្ជាក់ បន្ថែមរបស់ឯកឧត្តម ឃឹម ហ្វីណង់។

ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា៖ «សព្វថ្ងៃនេះ យើងកំពុងជំរុញឱ្យកសិករចងក្រង​គ្នាជា​សហគមន៍កសិកម្មទំនើប ក្នុងនោះ​ដំណាំយុទ្ធ សាស្ត្រចំនួន៤ ដែលយើងនឹងផ្ដោតគឺ ដំណាំស្រូវ ដំណាំស្វាយចន្ទី ម្រេច និងបន្លែ។» 

ជាមួយគ្នានេះ សហគមន៍កសិកម្មសំបូរមានជ័យ ដែលស្ថិតនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាសហគមន៍ដំបូងបង្អស់មួយ ក្នុងចំណោមសហគមន៍ចំនួន៣ ដែលបានគាំទ្រ និងកំពុងរៀប​ចំខ្លួនដើម្បីអនុវត្តសាកល្បងមធ្យោបាយ និង​វិធីសាស្ត្រកសិកម្មតាមបែបផែនថ្មី​ ដែលមានការចង​ក្រងរចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រង និងផែនការសកម្មភាពច្បាស់លាស់ ដើម្បីធានាខ្សែច្រវាក់ផ្គត់ផ្គង់ ស្ថេរភាពតម្លៃ និងទីផ្សារកសិផល។ ​

លោក ឆេង ថុង ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មសំបូរមានជ័យបានឱ្យដឹងថា បើកសិករធ្វើកសិកម្មធម្មតា វាមានភាពអវិជ្ជមានមួយចំនួនដូចជា៖ ដាំរៀងខ្លួន គុណភាពផលិតផល ផ្គត់ផ្គង់ទៅដៃគូមិនមានស្តង់ដារ ដូច្នេះធ្វើឱ្យការផ្គត់ផ្គង់អាចធ្វើបានដែរ ប៉ុន្តែបានក្នុងកម្រិតមួយតិច តួច និងមិនមានស្ថេរភាព។

ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មរូបនេះបន្តរៀបរាប់ទៀតថា៖ «ខ្ញុំមើលឃើញថា បើយើងធ្វើកសិកម្មបែបទំនើប ហើយដាំគ្រប់គ្រងរួម ហើយមានកុងត្រាទីផ្សារជាក់លាក់ ហើយមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាលទៀត ខ្ញុំគិតថាអាចនឹងជោគជ័យខ្លាំងជាងដែល យើងធ្វើធម្មតា»៕

អត្ថបទពាក់ព័ន្ធ

Back to top button