ព័ត៌មានជាតិព័ត៌មានសេដ្ឋកិច្ច

ការនាំចេញគ្រាប់ស្វាយចន្ទីកើនឡើង៣០% ខណៈអ្នកជំនាញរំពឹងថាផលិតកម្មស្វាយ​ចន្ទីនឹង​បន្តកើនឡើងថែមទៀត

ភ្នំពេញ ៖ ក្នុងរយៈពេល៥ខែ នៃឆ្នាំ ២០២៤នេះ កម្ពុជាសម្រេចការផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង ៧១ ម៉ឺនតោន ​ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ៦៦ ម៉ឺន ៧ ពាន់តោន។ ​ចំនួននេះមានការ​កើនឡើងជាង ៣០ ភាគរយ ​បើប្រៀប​ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយ​ការណ៍​របស់​សមាគមស្វាយចន្ទីកម្ពុជា។
បើតាមការឱ្យដឹងពីលោក អ៊ួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ចំណូល​ពីការនាំចេញគ្រាប់ស្វាយចន្ទីនៅ៥ខែដើមឆ្នាំ ២០២៤នេះ កើនឡើងមួយផ្នែកដោយសារតែ តម្លៃរបស់គ្រាប់ស្វាយចន្ទីបានហក់ឡើងវិញ បន្ទាប់ពីបានធ្លាក់ថ្លៃ បង្កដោយបញ្ហាអាកាសធាតុ តាំងពីខែមករាមក។
ដោយសារតែបញ្ហាអាកាសធាតុកាលពីពេលកន្លងទៅនេះ ទិន្នផលគ្រាប់ស្វាយចន្ទីដែល​កសិករ​ប្រមូលបាន មានសភាព​ស្វិត ខូច និងមិនសូវមានសាច់ ពោលគឺគុណភាពធ្លាក់ចុះតែម្ដង។

អ្នកជំនាញរូបនេះបានដាក់ការព្រួយបារម្ភផងដែរ ដោយលោកខ្លាចកសិករបាក់ទឹកចិត្ត និងអាច​ឈានដល់ការកាប់ដើមស្វាយចន្ទីចោល។ ប៉ុន្តែយ៉ាងណា តម្លៃរបស់គ្រាប់ស្វាយចន្ទីក៏បានត្រឡប់ មករកស្ថានភាពល្អប្រសើរឡើងវិញនាពេលថ្មីៗនេះ។

បើតាមការឱ្យដឹងរបស់លោក អួន ស៊ីឡុត បច្ចុប្បន្ន គ្រាប់ស្វាយចន្ទីស្រស់ មានតម្លៃទាប​បំផុត​ក្នុងរង្វង់ ៤ពាន់រៀល ក្នុង ១គីឡូក្រាម និងតម្លៃខ្ពស់បំផុតជិត ៦ពាន់រៀល ក្នុង ១គីឡូក្រាម។

ទន្ទឹមនឹងការកើនឡើងវិញនៃទំហំនាំចេញគ្រាប់ស្វាយចន្ទីនេះ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការនៃក្រសួងកសិកម្មបានសម្ដែងក្ដីរីករាយ និងបានមានប្រសាសន៍ថា ទោះបីជា​ជួបបញ្ហា​អាកាសធាតុក៏ដោយ ក៏កម្ពុជានៅអាចបង្កើនផលិតកម្មនិងការនាំចេញស្វាយចន្ទីនៅឆ្នាំ ២០២៤ នេះ។

​អ្នកជំនាញរូបនេះក៏បានដាក់ក្ដីរំពឹងថា ផលិតកម្មស្វាយចន្ទីនឹងបន្តកើនឡើងថែមទៀតដោយ​ចម្ការចន្ទីរបស់កសិករភាគច្រើនគឺដល់អាយុដែលផ្តល់ផលហើយ។

នៅឆ្នាំ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិចំនួន ៦៥៦.០០០តោន ថយចុះ ៧,៦ភាគរយ គិតជាទឹកប្រាក់ ៨៣៧លានដុល្លារអាម៉េរិក ថយចុះប្រមាណ ១៦ភាគរយ។ ដោយឡែកនាំចេញទៅ វៀតណាមមានចំនួន ៦១៨.០០០តោន។

គួរបញ្ជាក់ថា កម្ពុជា មានផ្ទៃដីដំាដុះស្វាយចន្ទីប្រមាណ ៤៧២.៩៤៦ហិកតា និងទទួលបានទិន្នផល​សរុបចំនួន ៧០៩.៤១៩តោន ចំណែកឯការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិ បានចំនួន​ប្រមាណ ៦៥៦.០០០តោន នៅឆ្នាំ ២០២៣ ទៅកាន់ប្រទេស ចិន ជប៉ុន បង់ក្លាដែស ឥណ្ឌា វៀតណាម និងថៃ និងគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ប្រទេស ចិន សាធារណៈរដ្ឋឆែក ជប៉ុន កូរ៉េខាងត្បូង ហូឡង់ វៀតណាម និងសហរដ្ឋអាម៉េរិក៕

អត្ថបទពាក់ព័ន្ធ

Back to top button