ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្គាហ្សា បាននិយាយកាលពីថ្ងៃពុធថា យ៉ាងហោចណាស់មានមនុស្សចំនួន១,០០០នាក់ បានស្លាប់ ត្រូវបានរាយការណ៍នៅក្នុងតំបន់ ហ្គាហ្សា ស្ទ្រីប ដោយសារតែការបន្តបិទច្រកឆ្លងកាត់ទីក្រុងរ៉ាហ្វាហ៍ (Rafah) របស់កងទ័ពអ៊ីស្រាអែល អស់រយៈពេលជាង១០០ថ្ងៃ។
លោក Ismail Thawabteh ប្រធានការិយាល័យ បានប្រាប់សន្និសីទសារព័ត៌មាននៅមន្ទីរពេទ្យ Al-Aqsa នៅភាគកណ្តាល នៃតំបន់ហ្គាហ្សាថា ការរឹតបន្តឹងរបស់អាជ្ញាធរអ៊ីស្រាអែលលើការធ្វើដំណើរសម្រាប់អ្នកជំងឺ ២៥,០០០នាក់ និង បុគ្គល ដែលរងរបួស កំពុងស្វែងរកការព្យាបាលនៅក្រៅប្រទេស បានបណ្តាលឱ្យមនុស្សជាង១,០០០នាក់ បានស្លាប់ក្នុងរយៈពេល១០០ថ្ងៃកន្លងមកនេះ។
លោក Thawabteh បានព្រមានថា បុគ្គលដែលនៅសេសសល់ ប្រឈមមុខនឹងការគម្រាមមកំហែង នៃការស្លាប់ ដោយសារតែការបដិសេធមិនទទួលការព្យាបាលរបស់ពួកគេ។
លោក Thawabteh បានឱ្យអាជ្ញាធរអ៊ីស្រាអែល និង រដ្ឋបាលសហរដ្ឋអាមេរិក ទទួលខុសត្រូវចំពោះផលវិបាកធ្ងន់ធ្ងរ នៃការបិទច្រកឆ្លងកាត់ទីក្រុងរ៉ាហ្វាហ៍ រួមទាំងឧបសគ្គក្នុងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត គណៈប្រតិភូសុខាភិបាល និង ជំនួយមនុស្សធម៌។
ច្រកផ្លូវឆ្លងកាត់ ត្រូវបានបិទចាប់តាំងពីកងទ័ពអ៊ីស្រាអែល បានប្រកាសពីការដាក់ការគ្រប់គ្រងរបស់ខ្លួនលើភាគីប៉ាឡេស្ទីនកាលពីថ្ងៃទី០៧ ខែឧសភា។
ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣មក ប្រទេសអ៊ីស្រាអែល បាននឹងកំពុងធ្វើការវាយប្រហារទ្រង់ទ្រាយធំ ប្រឆាំងនឹងចលនាហាម៉ាសនៅក្នុងតំបន់ ហ្គាហ្សា ស្ទ្រីប ដែលបណ្តាលឱ្យប្រជាជនប៉ាឡេស្ទីនស្លាប់ជិត៤០,០០០នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីក្រុមហាម៉ាស់ បានបើកការវាយប្រហារ ដែលមិនធ្លាប់មានពីមុនមកលើប្រទេសអ៊ីស្រាអែល ភាគខាងត្បូង ដែលបានសម្លាប់មនុស្សប្រហែល១,២០០នាក់៕ ប្រភព៖ ស៊ីនហួ, ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤