ការក្លាយជាអធិរាជស្វាយចន្ទី គឺជាមហិច្ឆិតាមួយរបស់កម្ពុជា រាប់ចាប់តាំងពីរដ្ឋាភិបាលនីតិកាលទី៦កន្លងទៅ។ គោលដៅនេះគឺដើម្បីពង្រឹងការនាំចេញគ្រាប់ស្វាយចន្ទី ជាពិសេសជំរុញ ការកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបានកាន់តែច្រើន។
ក្នុងនាមជាប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មស្រាប់ ដំណាំស្វាយចន្ទីកំពុងស្ថិតនៅលេខរៀង ទី៣ ជាដំណាំឧស្សាហកម្មដែលកម្ពុជានាំចេញច្រើនជាងគេបន្ទាប់ពីស្រូវ និងដំឡូងមី។ ប៉ុន្តែយ៉ាងណា ការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកទៅជាផលិតផលសម្រេច គឺនៅតែមានកម្រិតតិចតួចនៅឡើយ។
ថ្លែងក្នុងបទសម្ភាសន៍កាលពីថ្ងៃទី៤ ខែមិថុនាថ្មីៗនេះ ក្នុងពិធីសម្ពោធរោងចក្រកែច្នែគ្រាប់ស្វាយចន្ទី នៅខេត្តកំពង់ធំ ឯកឧត្តម តូច ប៊ុនហ៊ួ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តនូវកម្មវិធីគោលនយោបាយសំខាន់ៗមួយ ចំនួនដើម្បីជំរុញឱ្យមានការកែច្នៃក្នុងស្រុកបន្ថែមទៀត។
ប៉ុន្តែសម្រាប់បច្ចុប្បន្ន ក្រសួងកំពុងជំរុញនូវការកែច្នៃត្រឹមផលិតផលពាក់កណ្ដាលសម្រេចសិន ដែលមានន័យថា សង្ងួតគ្រាប់ស្ងួត និងរក្សាទុកលក់។ ហើយជំហានបន្ទាប់គឺជំរុញការកែច្នៃផលិត ផលសម្រេចនៅក្នុងស្រុកតែម្ដង។
ជារួមក្រសួងបានជំរុញការងារនេះ ដោយបានធ្វើការជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ប្រឹងប្រែងស្វែងរកដៃគូវិនិយោគទាំងក្នុង និងក្រៅស្រុកដើម្បីស្វែងរកការកែច្នៃឱ្យបានកាន់តែច្រើន។
ឯកឧត្តមបានបន្តឱ្យដឹងទៀតថា៖ «រហូតមកដល់ពេលនេះ ការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុកមានមិនលើសពី១២%ទេ ដែលជាចំនួនតិចតួចនៅឡើយ។ ក្រៅពីនោះយើងបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅក្រៅប្រទេស ដែលនាំឱ្យបាត់ តម្លៃ ក៏ដូចជាកម្លាំងពលកម្ម។»
ទន្ទឹមនឹងនេះ គោលនយោបាយជាតិស្ដីពីស្វាយចន្ទី ២០២២-២០២៧ គឺចង់ជំរុញឱ្យមានការកែច្នៃស្វាយចន្ទីឱ្យដល់ ២៥% ដែលឯកឧត្តមរដ្ឋលេខាធិការជឿជាក់ថា នឹងអាចសម្រេចបាន ហើយអាចនឹងលើសផែនការទៅទៀត។
យ៉ាងណាមិញ ដើម្បីជាការរួមចំណែក រាជរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្មចង់បានគឺចង់ឱ្យកសិករបង្កើតជាសហគមន៍ទំនើប ដែលវាអាចផ្ដល់ផលចំណេញជាច្រើនដល់ពួកគាត់ ជាពិសេសអាចទទួលបាន ឥណទានងាយស្រួលជាងមុនដើម្បីសម្រេចបានគោលដៅជាអធិរាជស្វាយចន្ទីពិតប្រាកដ៕