នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា បានចុះត្រួតពិនិត្យការធ្វើអាជីវកម្មជីនិងថ្នាំកសិកម្ម ក្នុងខេត្តស្វាយរៀង និងខេត្តព្រៃវែង។
ឯកឧត្តមបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃខេត្តទាំងពីរ ដើម្បីបង្កើន និងពង្រឹងកិច្ចសហការកាន់តែជិតស្និទ្ធ និងស្អិតរមួតថែមទៀតលើវិស័យកសិកម្ម ដោយផ្តោតលើការគ្រប់គ្រងអាជីវកម្មជីនិងថ្នាំកសិកម្ម សំដៅការពារផលប្រយោជន៍ប្រជាកសិករ និងគាំទ្រការធ្វើអាជីវកម្មជីនិងថ្នាំកសិកម្មស្របច្បាប់ ដេីម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម។ ជាការឆ្លេីយតប ថ្នាក់ដឹកនាំខេត្តទាំងពីរបានស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយចូលរួមសហការយ៉ាងពេញលេញជាមួយក្រសួងកសិកម្មលើការងារគ្រប់គ្រង និងបង្កើនការទប់ស្កាត់ការនាំចូលនិងចរាចរណ៍ជីនិងថ្នាំ៕