សប្តាហ៍នេះក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda Motor បានប្រកាសថានឹងបិទរោងចក្រផលិតរថយន្តមួយកន្លែងនៅក្នុងខេត្តអាយុធ្យាប្រទេសថៃនៅត្រឹមឆ្នាំ២០២៥ខាងមុខនេះហើយ។
តាមផែនការការប្រកាសបិទរោងចក្រនេះនឹងជំនួសមកវិញដោយច្របាច់បញ្ចូលប្រតិបត្តិការដែលធ្លាប់មានទៅក្នុងរោងចក្រមួយផ្សេងទៀតដែលស្ថិតនៅក្នុងខេត្តប្រាឈុនបុរី Prachinburi វិញ។
គេសង្កេតឃើញថាការសម្រេចចិត្តដ៏តានតឹងនេះពីសំណាក់ក្រុមហ៊ុនអ្នកផលិតរថយន្តធំបំផុតទី២នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះធ្វើឡើងនៅចំពេលដែលម៉ាកយីហោផលិតរថយន្តអគ្គិសនីរបស់ចិនជាច្រើនបានសម្រុកចូលយ៉ាងគំហុកចូលក្នុងទីផ្សារក្នុងតំបន់និងចុងក្រោយនេះមានទាំងរោងចក្រនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំបំផុតរបស់ចិន BYD ទៀតផង។
រោងចក្រដែលស្ថិតនៅក្នុងខេត្តអយុធ្យានេះត្រូវបានបើកដំណើរការដំបូងតាំងតែពីឆ្នាំ១៩៩៦មកម្ល៉េះ។រោងចក្រនេះត្រូវបានគេរំពឹងថានឹងអាចចាប់ផ្តើមផលិតគ្រឿងបន្លាស់របស់រថយន្តវិញនៅក្រោយពេលដែលវានឹងត្រូវបិទប្រតិបត្តិការផលិតរថយន្តនៅឆ្នាំក្រោយ។
ប្រតិបត្តិការទាំងអស់នៅក្នុងរោងចក្រនេះនឹងត្រូវផ្ទេរទៅឲ្យរោងចក្រនៅក្នុងខេត្ត Prachinburi ទាំងអស់នៅក្រោយឆ្នាំ២០២៥។
គួរឲ្យដឹងដែរថាបច្ចុប្បន្ន Honda Motor មានប្រតិបត្តិការរោងចក្រចំនួនតែ២កន្លែងប៉ុណ្ណោះប៉ុន្តែផលិតកម្មរួមគ្នាបានចាប់ផ្តើមធ្លាក់ចុះខ្លាំងពីឆ្នាំ២០១៩ដែលធ្លាប់ធ្វើបាន២២៨០០០គ្រឿងមកក្រោម១៥០០០០គ្រឿងក្នុងមួយឆ្នាំក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។
រំលឹកដែរថាក្រុមហ៊ុនBYD របស់ចិនបានបើកដំណើរការរោងចក្រផលិតរថយន្តអគ្គិសនីមួយនៅក្នុងប្រទេសថៃស្ថិតនៅក្រោមទុនវិនិយោគសរុបដែលត្រូវហូរចូលប្រទេសថៃសរុប១,៤៤ពាន់លានដុល្លារ៕