ក្រោយចែកផ្លូវជាមួយក្លិបសេះមាសវិសាខា កាលពីដើមខែកក្កដា ពេលនេះ កីឡាករ ច្រឹង ពលរដ្ឋ រកឃើញទ្រនំថ្មីហើយ គឺចូលរួមជាមួយក្លិបបាល់ទាត់សឹងក្រហមភ្នំពេញក្រោន។នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិបភ្នំពេញក្រោន បានប្រកាសកាលពីយប់ ថ្ងៃ ចន្ទ ទី០៨ ខែកក្កដា ឆ្នាំ២០២៤នេះ។
កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះ ច្រឹង ពលរដ្ឋ បានប្រកាសចែកផ្លូវជាមួយវិសាខា ក្រោយរួមរស់អស់រយៈពេល៤ឆ្នាំ នៅកីឡដ្ឋាន Prince។ កាលពីរដូវកាលមុខ ពលរដ្ឋ បានជួយក្លិបបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣ ក្នុងលីគកំពូលកម្ពុជា និងបានមេដាយសំរឹទ្ធ នៅពានសម្តេច ហ៊ុន សែន។
ក្នុងអំឡុងពេល៤ឆ្នាំនៅវិសាខា ពលរដ្ឋ បង្ហាញខ្លួនបាន ៥១លើក និងរកគ្រាប់បាល់បាល៤គ្រាប់ ក្នុងនាមជាខ្សែបម្រើ។ រូបគេបានជួយឲ្យវិសាខា លើកពានសម្តេច ហ៊ុន សែន ៣ឆ្នាំជាប់គ្នា ពោលក្នុងឆ្នាំ ២០២០, ២០២១ និង ២០២២។
ពលរដ្ឋ ធ្លាប់លេងឲ្យក្លិបជាច្រើនដូចជា៖ ក្រសួងការពារជាតិ ពីឆ្នាំ ២០០៨-២០១០ និង ២០១៥-២០១៨។ ក្លិបព្រះខ័នរាជស្វាយរៀង ពីឆ្នាំ ២០១០-២០១៣, ក្លិបត្រាយអាស៊ីភ្នំពេញ (អង្គរថាយហ្គឺរ) ពីឆ្នាំ ២០១៣-២០១៥, Buriram United (ក្នុងលក្ខខណ្ឌខ្ចីជើង) ឆ្នាំ២០១៩ និង វិសាខា ក្នុងឆ្នាំ២០២០-២០២៤៕