ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ សមាជិកលីគកំពូលកម្ពុជា បានសម្រេចបន្តកុងត្រាថ្មីជាមួយកីឡាករសញ្ជាតិហ្វីលីពីន Pocholo Arellano Bugas ក្រោយពេលកីឡាកររូបនេះ បង្ហាញខ្លួនបានយ៉ាងល្អ និងជួយក្រុមបានច្រើន កាលពីរដូវកាលមុន។ នេះបើតាមការប្រកាសរបស់ក្លិបដែលមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះ។
តាមទំព័រ Facebook ផ្លូវការណ៍របស់ក្លិប Angkor Tiger Football Club បានឲ្យដឹងថា៖«ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ បានសម្រេចចិត្តបន្តកុងត្រាជាមួយកីឡាករ Pocholo Bugas សារជាថ្មី ចាប់ពីឆ្នាំ 2024 នេះតទៅ»។
ជាការពិតណាស់ កីឡាករ Pocholo Arellano Bugas បានសម្រេចផ្លាស់ពីក្លិប United City មកចូលរួមជាមួយក្លិបបាល់ទាត់អង្គរថាយហ្គឺរ ក្នុងនាមជាកីឡាករកូតាអាស៊ាន ក្នុងឆ្នាំ២០២៣។ ក្នុងរដូវកាលដំបូងនៅទឹកដីកម្ពុជា រូបគេស៊ុតបញ្ជូលទីបាន៥ប្រកួត ពីការបង្ហាញខ្លួនសរុប ២៦ប្រកួត គិតគ្រប់កម្មវិធី។
ក្នុងអំឡុងពេលប្រកបអាជីពនៅកម្ពុជា កីឡាករវ័យ២២ឆ្នាំរូបនេះ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសហ្វីលីពីន កោះហៅចូលរួមហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិហ្វីលីពីន ដើម្បីចូលរួមក្នុងការប្រកួតជម្រុះ FIFA World Cup 2026 និង AFC Asian Cup 2027 ផងដែរ។
គួរបញ្ជាក់ថា Pocholo Bugas គឺជាអតីតថ្នាលយុវជនរបស់ Far Eastern University និងបានចូលរួមជាមួយក្រុម United City FC របស់ហ្វីលីពីន ពីឆ្នាំ ២០២០-២០២៣។ យុវជនរូបនេះ បានជួយឲ្យក្រុម United City ឈ្នះលីគកំពូលហ្វីលីពីន ចំនួន២លើក ហើយរូបគេក៏បានជាប់ជម្រើសជាតិហ្វីលីពីន U-22 ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា និងធ្លាប់បង្ហាញខ្លួនក្នុងពានរង្វាន់ (AFC Champions League) អស់រយៈពេល ២ឆ្នាំផងដែរ៕