សម្តេចធិបតី ហ៊ុន ម៉ាណែតអញ្ជើញជាអធិបតីអបអរសាទរការប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជានិងខួប៥ឆាំ្ន នៃការកសាងវិមានឈ្នះឈ្នះ
នៅព្រឹក ថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់អបអរសាទរការប្រារព្ធខួបលើកទី ២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកប ដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ និងខួប៥ឆាំ្ននៃការកសាងវិមាន ឈ្នះ ឈ្នះ ដែលប្រារព្ធធ្វើឡើងនៅវិមាន ឈ្នះ ឈ្នះ។
ការរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយឈ្នះឈ្នះជាការចងចាំនូវការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជានាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញនិងការអភិវឌ្ឍប្រទេសជាតិមកដល់សព្វថ្ងៃនេះ ។ ការរៀបចំព្រឹត្តិការណ៍នេះស្របជា មួយខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ ឈ្នះដែលជាសំណង់ប្រវត្តិសាស្ត្រដើ ម្បីរំឭកដល់វីរភាព និងគុណតម្លៃនៃនយោបាយឈ្នះឈ្នះ ដែលបានផ្តួចផ្តើមឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជាមគ្គុទ្ទេសក៍ឯកសន្តិភាពនៃយើងនិងជាការបង្កើនការយល់ដឹងពីប្រវត្តិសាស្ត្រជាតិ និងស្មារតីស្រលាញ់ជាតិមាតុភូមិក្នុងការបន្តថែ រក្សាស្ថិរភាព សន្តិសុខ និងអភិវឌ្ឍន៍ជាតិ មាតុភូមិយើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថ្លែងអំណរគុណដល់ក្រុមការងារសាងសង់ វិមានឈ្នះ ឈ្នះ ទាំងអស់ដែលបានចំណាយទាំងកម្លាំងកាយចិត្ត និងថវិកាក្នុងការកសាងសង់នូវវិមានឈ្នះ ឈ្នះ ខណៈការចំណាយទាំងនេះគឺជាការបង្ហាញនូវការសាមគ្គីគ្នាក្នុងការលើកកម្ពស់ និងការកសាងនូវមជ្ឈមណ្ឌល សម្រាប់ផ្ទុកនូវប្រវត្តិសាស្រ្តរបស់កម្ពុជា ទុកដល់កូនចៅជំនាន់ក្រោយ។
សម្តេចធិបតីបានមានប្រសាសន៍ថា ការសាងសង់នូវវិមានឈ្នះ ឈ្នះ គឺធ្វើឡើងដើម្បីកូនខ្មែរទាំងអស់គ្នា គ្រប់ជំនាន់បានចង់ចាំនូវតម្លៃសន្តិភាព តថភាពពិតប្រាកដរបស់កម្ពុជា ហើយក៏បង្ហាញនូវនិមិត្តរូប នៃសន្តិភាពរបស់កម្ពុជាឲ្យស្ថិតស្ថេរជារៀងរហូតទៅផងដែរ។ សម្តេចធិបតីក៏បានថ្លែងអំណរគុណដល់នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ប្រធានក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ ដែលបានខិតខំសិក្សាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុតក្នុងការចុះស្រាវជ្រាវគ្រប់ទីកន្លែងនូវប្រវត្តិសាស្រ្តពិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងតួអង្គសំខាន់ដ៏ទៃទៀត រហូតដល់ការសាងសង់នូវវិមាន ឈ្នះ ឈ្នះ សម្រាប់ផ្ទុកនូវប្រវត្តិសាស្រ្តទាំងនោះ ដើម្បីបង្ហាញនូវតថភាពពិតប្រាកដរបស់កម្ពុជា ទាំងភាពជួរចត់ និងភាពជោគជ័យនោះ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ការសាងសង់នូវវិមានឈ្នះ ឈ្នះ គឺធ្វើឡើងដើម្បីកូនខ្មែរទាំងអស់គ្នាគ្រប់ជំនាន់ចង់ចាំនូវតម្លៃសន្តិភាពតថភាពពិតប្រាកដ របស់កម្ពុជា ហើយក៏បង្ហាញនូវនិមិត្តរូបនៃសន្តិភាពរបស់កម្ពុជាឲ្យស្ថិតស្ថេរជារៀងរហូតទៅផងដែរ។ ការសាងសង់នូវវិមានឈ្នះ ឈ្នះ មិនមែនសាងសង់ឡើងដើម្បីសម្រាប់ទុកនូវប្រវត្តិសាស្រ្តបុគ្គលណាម្នាក់នោះទេ មិនមែនធ្វើឡើងសម្រាប់តែសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនោះទេ គឺធ្វើឡើងដើម្បីជាការបង្ហាញ និងទុកជាតឹកតាងនូវប្រវត្តិសាស្រ្តពិតប្រាកដរបស់កម្ពុជាដែលបានកើតឡើងពីអតីតកាល សម្រាប់ឲ្យកូនខ្មែរជំនាន់ក្រោយៗទៀតបានដឹង។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់អះអាងថា នយោបាយ ឈ្នះ ឈ្នះ បានជោគជ័យរហូតដល់ពេលនេះ គឺកើតចេញពីការដាក់ចេញនូវគោលនយោបាយច្បាស់លាស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដោយមានការចូលរួមរបស់ប្រតិបត្តិករស្នូល ប្រតិបត្តិករផ្សេងទៀតរួមទាំងប្រជាពលរដ្ឋផងដែរ។ សម្តេចបានចោទជាសំណួរថា ប្រសិនបើក្នុងរយៈពេល២៥ឆ្នាំមកនេះ កម្ពុជាពុំមានសុខសន្តិភាពទេ តើមានទាហាន នគរបាល ឬបងប្អូនទាំងអស់ដែលកំពុងឈរនៅទីនេះមានប៉ុន្មាននាក់ ខណៈ វត្តមានរបស់បងប្អូននៅទីនេះ បានគឺជាផលលាភដែលបានកើតឡើងចេញពីសុខសន្តិភាពនេះហើយនោះ។
សម្តេចធិបតី បានថ្លែងថា ប្រសិនបើមិនមាននយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជាទេ តើក្នុងរយៈពេល២៥ឆ្នាំមកនេះ មានខេត្តណាខ្លះទៅដែលនឹងត្រូវប្រកាសថា ជាខេត្តគ្មានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ? នេះជាសំណួរដែលត្រូវ ចោទសួរយើងទាំងអស់គ្នា?។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា សុខសន្តិភាពបង្ករជម្រើស បង្កើតឱកាសដល់កូនចៅខ្មែរគ្រប់រូប ហើយផលលាភនៃសុខសន្តិភាពនេះ មិនមែនបានត្រឹមតែបច្ចុប្បន្ននោះទេ គឺបានផលដល់កូនខ្មែរគ្រប់ជំនាន់ និងជារៀងរហូតតទៅ។
សម្តេចធិបតី បានអះអាងថា រាជរដ្ឋាភិបាលមានមហិច្ឆតាខ្ពស់បំផុត ក្នុងការលើកស្ទួយកិត្យានុភាពប្រទេសកម្ពុជាឲ្យកាន់តែខ្ពស់ត្រដែតឡើងបន្ថែមទៀតនៅលើ ឆាកអន្តរជាតិ និងបានដាក់ចេញនូវគោលដៅច្បាស់លាស់ក្នុងឆ្នាំ២០៥០ ជាប្រទេសចំណូលកម្រិតខ្ពស់ ខណៈ មហិច្ឆតាទាំងនេះ គឺដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិទាំងមូល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បាន ណែនាំឱ្យបន្តសិក្សាស្រាវជ្រាវពាក់ព័ន្ធដំណើរនៃការស្វែងរកសុខសន្តិភាព និងការបិទបញ្ចប់សង្គ្រាមនៅកម្ពុជា និងបន្តផ្សព្វផ្សាយខ្លឹមសារគោលនយោបាយឈ្នះ ឈ្នះ ជាបន្តទៀត។ ជាមួយគ្នានោះ សម្តេចធិបតី ក៏បានណែនាំឱ្យបន្តសាងសង់វិមាន ឈ្នះ ឈ្នះ និងរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា នៅតាមតំបន់សំខាន់ៗទៀតផងដែរ៕