ទីផ្សារ

គន្លឹះរៀបចំហិរញ្ញវត្ថុសំខាន់ៗសម្រាប់អ្នកធ្វើការ ដើម្បីឱ្យមានស្ថិរភាពហិរញ្ញវត្ថុ

ជាការពិត ការរៀបចំហិរញ្ញវត្ថុគឺមានសារៈសំខាន់សម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែរបៀបនៃការ​រៀបចំហិរញ្ញវត្ថុអាចនឹងមានភាពខុសគ្នាទៅតាមស្ថានភាពចំណូលរបស់បុគ្គលម្នាក់ៗ។ 

និយាយដោយឡែក សម្រាប់បុគ្គលិកដែលបម្រើការងារតាមក្រុមហ៊ុន ដែលមានប្រាក់ចំណូល​ទៀងទាត់ជាប្រចាំខែ ក៏គួរតែស្វែងយល់ពីការរៀបចំហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ ដើម្បីឱ្យមានស្ថិរភាព​លុយកាក់។

បើតាមអ្នកជំនាញ ការរៀបចំហិរញ្ញវត្ថុសម្រាប់បុគ្គលិកក្រុមហ៊ុនមានចំណុចសំខាន់ចំនួន៣គឺ បែងចែកចំណាយចំបាច់ប្រចាំខែ បែងចែកមួយផ្នែកសម្រាប់សន្សំ និងមួយកញ្ចប់ទៀតសម្រាប់បម្រុងទុកគ្រាមានអាសន្ន។

១. ចំណាយចាំបាច់ : 

ចំណាយប្រចាំខែដូចជា បង់ថ្លៃទឹក ភ្លើង ហូបចុក ធ្វើដំណើរ បង់ផ្ទះជួល គឺសុទ្ធតែជារឿងចាំបាច់ដែលមិនអាចមើលរំលងបាន។ ដូច្នេះហើយ ដើម្បីកុំឱ្យប៉ះពាល់ដល់ចំណាយចាំបាច់ទាំងនេះ គួរតែដកប្រាក់មួយកញ្ចប់ទុកមុនឱ្យរួចជាស្រេចមុននឹងចំណាយប្រាក់ទិញអ្វីផ្សេង។

២. ការសន្សំ : 

មិនថាប្រាក់ខែតិច ឬច្រើនក្ដី ការសន្សំគឺជាទម្លាប់ល្អមួយដែលជំរុញបុគ្គលម្នាក់ៗឱ្យមានវិន័យផ្ទាល់ខ្លួនច្បាស់លាស់។ នៅក្នុងការសន្សំនេះដែរ អ្នកជំនាញលើកទឹកចិត្តឱ្យសន្សំជាមួយគ្រឹះស្ថានធនាគារ ដែលមានសុវត្ថិភាព និងមានការប្រាក់ ហើយអ្វីដែលសំខាន់គឺមិនអាចដកមកចាយវាយបាន។

ដើម្បីឱ្យការសន្សំមានប្រសិទ្ធភាពផងដែរ បុគ្គលិកម្នាក់ៗគួរតែសន្សំមុនចាយ ពោលគឺចៀសវៀងការចាយវាយអស់ ហើយសល់ចំណែកប៉ុន្មានសឹមទុកសន្សំ។

៣. ប្រាក់បំរុងសម្រាប់គ្រាមានអាសន្ន : 

បើទោះបីជាបុគ្គលិកក្រុមហ៊ុននីមួយៗមានប្រាក់ខែទៀងទាត់ជារៀងរាល់ខែ ប៉ុន្តែហានិភ័យនៅតែអាចកើតឡើងដោយមិនអាចដឹងមុន។ ហានិភ័យទាំងនោះអាចរួមមានការបាត់បង់ការងារ, គោលការណ៍កាត់បន្ថយបុគ្គលិកពីសំណាក់ក្រុមហ៊ុន ឬការឈឺថ្កាត់មិនបានទៅបំពេញការងារជា​ដើម។

ដើម្បីកុំឱ្យគ្រាអាសន្នទាំងនេះធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុ ការដកបន្តិចបន្តួចពីប្រាក់ខែសម្រាប់សន្សំទុក គឺជារឿងល្អ។ 

ជារួមមក ប្រសិនបើបុគ្គលិកបម្រើការងារតាមក្រុមហ៊ុននានាអាចយក ៣ ចំណុចនេះទៅអនុវត្ត សុខភាពហិរញ្ញវត្ថុរបស់ពួកគេនឹងរឹងមុំា ហើយមិនងាយប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងគ្រួសារទៀតផង៕

Back to top button