គម្រោង ពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ (RT4D) ដោយផ្តោតលើកំណើនប្រកបដោយ បរិយាបន្ន គឺជាសមទ្ធិផលដែលកើតចេញពី កិច្ច ព្រមព្រៀងអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ (ASEAN Australia New Zealand Free Trade Agreement – AANZFTA) និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (The Regional Comprehensive Economic Partnership – RCEP) ដែលផ្តល់ការគាំទ្រផ្នែកពាណិជ្ជកម្មនិង វិនិយោគ សម្រាប់រដ្ឋជាសមាជិកអាស៊ាន។
គម្រោងនេះ បានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់សហគ្រិនកម្ពុជា ជាពិសេសសហគ្រិនជាជន មានពិការភាព ហើយការចូលរួមអនុវត្តគម្រោងនេះគឺឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១របស់រាជរដ្ឋាភិបាល នៅក្នុងបញ្ចកោណទី៣ មុំទី៤ ចំណុចទី៤ ដែលស្តីពីការពង្រឹងការការពារកម្មសិទ្ធិបញ្ញា ការលើកកម្ពស់ការបង្កើតផលិតផលនិងសេវាកម្មថ្មីៗ ការច្នៃប្រឌិតនិងនវានុវត្តន៍។
យ៉ាងណាមិញ គម្រោងនេះចាប់ផ្តើមពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ហើយដែលក្រសួងបានប្រារព្ធពិធីបិទនាថ្ងៃទី ២០ ខែមិថុនាថ្មីៗនេះ។
ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ខ្លួនបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការចរចាបើកច្រកទីផ្សារថ្មីៗដើម្បីអាចនាំចេញទំនិញរបស់កម្ពុជាឱ្យបានកាន់តែទូលាយ ព្រមជាមួយការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗបន្ថែមទៀត ដែលនឹងជំរុញឱ្យកម្ពុជាមានកាលានុវត្តភាពខ្ពស់ក្នុងការនាំចេញទំនិញកាន់តែច្រើនទៅតាមគោលដៅនៃឯកទេសនីយកម្មនៃទំនិញដែលកម្ពុជាផលិតបាន ទៅកាន់ទីផ្សារទាំងអស់នោះ។
បន្ថែមពីនេះ ក្រសួងក៏បានខិតខំប្រឹងប្រែងចូលរួមក្នុងកិច្ចការពារនូវទ្រព្យកម្មសិទ្ធិបញ្ញារបស់រូបវ័ន្តបុគ្គល និងនីតិបុគ្គល តាមរយៈ ការចូលរួមអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ ព្រមទាំងបន្តផ្សព្វផ្សាយពីច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជូនដល់សាធារណជន ជាពិសេស អាជីវករ សេវាករ និងផលិតករ ដើម្បីជាមូលដ្ឋានគ្រឹះចូលរួមអភិវឌ្ឍន៍ប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជាឱ្យរីកចម្រើនបន្ថែមទៀតផងដែរ។
គួររំលឹកថា គោលបំណងការអនុវត្តគម្រោងនេះ គឺដើម្បីពង្រឹង និងលើកកម្ពស់សហគ្រិនកម្ពុជាដែលមានពិការភាព តាមរយៈការអប់រំ កម្មសិទ្ធិបញ្ញា និងការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្រាប់ពាណិជ្ជកម្ម និងចូលរួមចំណែកក្នុងការអភិវឌ្ឍកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្នរបស់កម្ពុជា
តាមរយៈគម្រោងនេះ អ្នកចូលរួមអាចដាក់បង្ហាញផលិតផលរបស់ខ្លួននៅក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៤ និងកម្មវិធីតាំងពិព័រណ៍ផ្សេងៗទៀត ហើយបង្កើតឱ្យមានការទទួលស្គាល់ម៉ាក និងការបង្កើតបណ្តាញដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសម្រាប់គាំទ្រជនមានពិការភាពដែលជាម្ចាស់អាជីវកម្ម៕