សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់គោលនយោបាយអាទិភាពរបស់កម្ពុជាលើវិស័យកសិកម្ម ដល់ក្រុមហ៊ុន VRG ដែលជាក្រុមហ៊ុនវិនិយោគដំណាំកៅស៊ូនៅកម្ពុជា ថា «គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការលើកកម្ពស់វិស័យកសិកម្ម តាមរយៈការដាក់ចេញនូវយន្តការនៃការបង្កើតសហគមន៍កសិកម្ម និងការដាំដុះដែលធានាបរិមាណ និងគុណភាព បម្រើឱ្យការនាំចេញទាំងក្នុងរូបភាពជាវត្ថុធាតុដើម, ផលិតផលពាក់កណ្តាលសម្រេច និងផលិតផលសម្រេច ទៅកាន់ទីផ្សារអន្តរជាតិ»។
សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់បែបនេះ នៅក្នុងជំនួបរវាង សម្ដេច និង លោក ជិន កុងខា (Tran Cong Kha) ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (VRG) និងសហការី នៅ រដ្ឋធានីហាណូយ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ៕