ជំនាញកែច្នៃចំណីអាហារ ជាជំនាញដ៏ចាំបាច់មួួយសម្រាប់ជំរុញតម្លៃកសិផលបន្ថែម ជាពិសេសសម្រាប់ប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មតែម្ដង។ ការកែច្នៃចំណីអាហារក៏ជាវិធីដ៏ល្អបំផុត ក្នុងការឆ្លើយតបទៅនឹងការធ្លាក់ថ្លៃរបស់ដំណាំកសិផលស្រស់។
ថ្វីត្បិតថាប្រជាជនកម្ពុជាមានផ្ទៃដីធ្វើកសិកម្មច្រើន ប៉ុន្តែទំហំនៃការកែច្នៃកសិផលទៅជាផលិតផល អាហារផ្សេងៗ គឺនៅមានកម្រិតតិចតួចនៅឡើយ។ ម្លោះហើយបានជា កសិករជារឿយៗតែងត្អូញត្អែ ពីការតម្លាក់ថ្លៃពីឈ្មួញ ហើយដោយមិនមិនមានជម្រើសអ្វីផ្សេងក៏ត្រូវបង្ខំចិត្តលក់ក្នុងតម្លៃថោក ឬកសិករខ្លះសុខចិត្តទុកកសិផលពួកគេឱ្យស្អុយរលួយចោលតែម្ដង។
ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានជំរុញនូវការកែច្នៃក្នុងស្រុកផងដែរ ជាក់ស្ដែងដូចជា ការជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីសម្រាប់នាំចេញ និងការដាក់ចេញនូវកម្មវិធីបណ្ដុះបណ្ដាលជំនាញកែច្នៃចំណីអាហារដោយមិនគិតប្រាក់ជាដើម។
អ្នកនាង ប៉ាង សុភ័ក្រ ដែលជាគ្រូបង្គោលផ្នែកកែច្នៃចំណីអាហារនៅមហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច និងដែលបច្ចុប្បន្នកំពុងបង្រៀនសិក្ខាកាមដែលមកពីគ្រួសារក្រីក្រ ក្រោមកម្មវិធី TVET 1.5M ដោយមិនគិតថ្លៃផងដែរ។
បើតាមគ្រូបង្គោលរូបនេះ បានឱ្យដឹងថា ការបណ្ដុះបណ្ដាលបច្ចុប្បន្នគឺផ្ដោតលើការកែច្នៃផលិតផលកសិកម្មដែលមាននៅក្នុងស្រុក ហើយកែច្នៃតាមរដូវកាល។ ជាក់ស្ដែង ប្រសិនបើដល់រដូវកាលស្វាយ អ្នកនាងនឹងផ្ដោតលើការកែច្នៃភេសជ្ជៈពីស្វាយ ស្រាស្វាយ ដំណាប់ស្វាយ ឬផលិតផលផ្សេងទៀតដែលធ្វើចេញពីស្វាយ។
អ្នកនាង ប៉ាង សុភ័ក្រ បានឱ្យដឹងថា រាល់ថ្ងៃនេះយើងផ្ដោតលើការបណ្ដុះបណ្ដាល ការកែច្នៃបន្លែផ្លែឈើសិន ដោយសារពួកគាត់មកពីគ្រួសារដែលមិនសូវមានលទ្ធភាព ដូច្នេះចំណេះដឹងគាត់មានកម្រិត អីចឹងហើយយើងមិនទាន់ដាក់គាត់នៅក្នុងការកែច្នៃកម្រិតខ្ពស់ទេ គឺយើងផ្ដោតតែទៅលើផលិតផលកសិកម្មទេ ម្យ៉ាងទៀតប្រទេសយើងសម្បូរផលិតផលកសិកម្មស្រាប់។
អ្នកនាងបន្តរំលេចដែរថា៖ «ពីខ្ញុំទៅ ខ្ញុំគិតថាជំនាញនេះមិនពិបាករកការងារធ្វើទេ ចប់ផ្នែកនេះទៅគាត់អាចទៅធ្វើការនៅតាម រោងចក្រសហគ្រាសបានខ្នាតតូចក្នុងស្រុកយើងក៏បាន ហើយថ្ងៃអនាគតទៅប្រសិនបើថ្ងៃមុខទៅ មានរោងចក្រសហគ្រាសធំៗបើកលើការកែច្នៃចំណីអាហារនេះ គាត់អាចទៅធ្វើការបាន។»
ក្រៅតែពីទីផ្សារការងារដែលទូលាយសម្រាប់សិក្ខាកាមក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលហើយនោះ សិក្ខាកាមខ្លួនឯងក៏អាចយកជំនាញនេះទៅរកស៊ីដោយខ្លួនឯងបានផងដែរ ព្រោះការបណ្ដុះបណ្ដាល គឺធ្វើឡើងដោយផ្ដោតលើការអនុវត្តជាក់ស្ដែង។
គ្រូបង្គោលដដែលនេះបានឱ្យដឹងទៀតថា៖ «ជារួម ទីផ្សារនេះនៅតូចចង្អៀតនៅឡើយ ប៉ុន្តែនៅពេលឆាប់ៗខាងមុខ ការងារគឺមិនខ្វះទេ រៀនចប់ភ្លាម គេនឹងបញ្ជូនគាត់ទៅធ្វើការបានតែម្ដង ហើយនៅពេលនោះការងារផ្នែកកែច្នៃចំណីអាហារក៏កាន់តែសម្បូរ រីឯវិស័យកសិកម្មរបស់យើងក៏នឹងកាន់តែប្រសើរ»៕