ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងបទល្មើសឆបោកប្រាក់ក្រោមរូបភាពវិនិយោគ តាមបណ្តាញសង្គម Telegram

រាជធានីភ្នំពេញ ៖ យោងតាមប្រភព អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញពី ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ និងបង្ក្រាបលើបទល្មើសឆបោកប្រាក់ ក្រោមរូបភាពវិនិយោគ ដែលផ្តល់ផលចំណេញច្រើនត្រលប់មកវិញ ដោយប្រើប្រាស់បណ្តាញសង្គម Telegram ធ្វើជាមធ្យោបាយ និងបង្ហូរប្រាក់តាមរយៈគណនីធនាគារនៅកម្ពុជា។

ប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ខ.ស.ភ ភេទប្រុស ជាសហចារីធ្វើសកម្មភាពទទួលប្រាក់ឆបោកពីជនរងគ្រោះជាច្រើននាក់ ហើយករណីនេះគឺនៅមានជនសង្ស័យមួយចំនួនទៀតដែលសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនផងដែរ។

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ បច្ចុប្បន្នត្រូវបានចៅក្រមឃុំខ្លួនពីបទឆបោក ដាក់នៅមណ្ឌលអប់រំកែប្រែ ម១ ព្រៃស។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរម្លឹកដល់ជនទូទៅ កុំឱ្យចូលរួមសកម្មភាពទទួល និងដកប្រាក់ដែលគ្មានប្រភពច្បាស់លាស់ ដែលអំពើនេះគឺជាបទល្មើសធ្វើឱ្យសាមីខ្លួនត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់៕

អត្ថបទពាក់ព័ន្ធ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button