កីឡា

ចំណាប់អារម្មណ៍គ្រូU19 កម្ពុជា មុនប៉ះ U19 ទីម័រខាងកើត រសៀលនេះ

លោក ភា សុភក្ត្រា គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ បានបង្ហាញពី ចំណាប់អារម្មណ៍មួយចំនួនក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតជាមួយ U19 ទីម័រខាងកើត នៅរសៀល ម៉ោង៣ ថ្ងៃនេះ ក្នុងការប្រកួតពានរង្វាន់ ASEAN U19 Boy’s Championship 2024 ដែលធ្វើឡើង នៅប្រទេសឥណ្ឌូណេស៊ី។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក ភា សុភក្ត្រា បានគូសបញ្ជាក់ថា៖«ខ្ញុំពិតជាមានមោទនះភាពក្នុងការចូលរួមការប្រកួតកម្រិតយុវជន U19 លើកនេះ វាជាឱកាសដ៏ពិសេសលើកទីមួយក្នុងនាមជាគ្រូបង្គោលក្រោយចូលរួមគ្រប់ឈុតជម្រើសជាតិ អស់រយះពេល ១៧ឆ្នាំក្នុងនាមជាជំនួយការ»។ 

លោកបានសង្គត់ធ្ង់ថា ៖«ការប្រកួតនេះ គឺសំខាន់សម្រាប់ប្រជាជនយើង ខ្ញុំនឹងធ្វើអោយអស់លទ្ធភាព ដើម្បីអោយបងប្អូនទាំងអស់គ្នាទទួលបាននូវការពេញចិត្ត និងសប្បាយចិត្ត ដើម្បីរួមចំណែកអភិវឌ្ឍន៍បាល់ទាត់ដ៏ស្រស់ស្អាតរបស់យើងបន្តទៀត មិនថា លីគ ក្លិប និងជម្រើសជាតិ»។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ប្រចាំតំបនអាស៊ាន ASEAN U19 Boys’ Championship 2024 ដែលប្រទេសឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះគ្រោងនឹងចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ដោយមាន១២ក្រុមចូលរួមប្រកួត៕

អត្ថបទពាក់ព័ន្ធ

Back to top button